(ភ្នំពេញ)៖ អ្នកនាំចេញអង្ករនៅកម្ពុជា បានលើកឡើងថា បើទោះបីជាវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំទីបី ក្នុងពិភពលោក ប្រកាសកាត់បន្ថយការនាំចេញអង្ករប្រចាំឆ្នាំ ៤៤% មកត្រឹម ៤លានតោននៅឆ្នាំ២០៣០ ប៉ុន្តែកម្ពុជាគួរតែបន្តផ្តោតលើការផលិតស្រូវ ដែលមានគុណភាពសម្រាប់នាំចេញ និងការផលិតដែលមាននិរន្តភាព មិនប៉ះពាល់ដល់បរិស្ថាន។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងនៅក្នុងឯកសារមួយ ដែលបង្ហាញពីយុទ្ធសាស្ត្រនាំចេញអង្កររបស់ខ្លួនថា វៀតណាមមានបំណងកាត់បន្ថយការនាំចេញអង្ករ ៤៤% នៅឆ្នាំ២០៣០ ពោលគឺកាត់បន្ថយពីចំនួន ៧.១ លានតោនកាលពីឆ្នាំ២០២២ មកនៅត្រឹម៤ លានតោនក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ ដែលធ្វើឱ្យប្រាក់ចំណូលពីការនាំចេញអង្កររបស់ប្រទេសនេះ នឹងធ្លាក់ចុះមកនៅត្រឹម ២.៦២ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ ដែលធ្លាក់ចុះពី ៣.៤៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២។។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការប្រកាសកាត់បន្ថយការនាំចេញអង្ករនេះ ដោយវៀតណាមនឹងសំដៅលើការជំរុញការនាំចេញអង្ករ ដែលមានគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ឯកសារដដែលនេះ បានឱ្យដឹងទៀតថា នៅឆ្នាំ២០២៥ ការនាំចេញអង្កររបស់វៀតណាម៦០ ភាគរយនឹងត្រូវនាំចេញទៅកាន់ទីផ្សារអាស៊ី ២២ភាគរយ, អាហ្វ្រិក ៧ភាគរយ, អាមេរិក ៤ភាគរយ និង ៣ភាគរយទៅអឺរ៉ុប។
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ (AMRU RICE) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការកាត់បន្ថយការផលិត និងនាំចេញស្រូវរបស់វៀតណាម ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ ដែលនាំឱ្យទឹកសមុទ្រឡើងដល់ដីស្រែ ធ្វើឱ្យដីប្រៃមិនអាចធ្វើស្រែបាន ដោយផ្លាស់ប្តូរទៅធ្វើអ្វីផ្សេងវិញ។
មួយវិញទៀតគុណភាពដី នៅវៀតណាម ហាក់កំពុងរងការខូចខាត ដោយសារប្រទេសនេះ ធ្វើស្រែមួយឆ្នាំបីដង និងប្រើប្រាស់ថ្នាំ និងជីកសិកម្មច្រើន ដែលធ្វើឱ្យមួយរយៈពេល ១០ឆ្នាំចុងក្រោយនេះខូចគុណភាពដី ហេតុនេះហើយទើបវៀតណាម ប្តូរគោលការណ៍ពីការដាំដុះស្រូវបីដងក្នុងមួយឆ្នាំមក ដាំដុះ ២ដងក្នុងមួយឆ្នាំវិញ និងងាកទៅដាំដំណាំផ្សេងៗ ដែលទទួលបានតម្លៃប្រហាក់ប្រហែលនឹងស្រូវ។
លោកបន្តថា ការផ្លាស់ប្តូរគោលការណ៍នាំចេញអង្កររបស់វៀតណាម អាចផ្តល់ជាឱកាសសម្រាប់កម្ពុជាផង និងជាបញ្ហាប្រឈមផងសម្រាប់កម្ពុជា។ តែយ៉ាងណាលោកលើកឡើងថា កម្ពុជាមិនគួរដើរតាមគន្លងវៀតណាម ធ្វើស្រែក្នុងមួយឆ្នាំ៣ដង និងប្រើប្រាស់ជីខ្ពស់នោះទេ។ គួរតែរក្សាការធ្វើស្រែមួយឆ្នាំ២ដងដដែល ព្រមទាំងផ្តោតទៅលើដាំដុះទៅលើស្រូវ ដែលមានគុណភាព មានតម្លៃខ្ពស់ជាងស្រូវ ដែលវៀតណាមនាំចេញ។
លោកថា ការធ្វើបែបនេះ នឹងធ្វើឱ្យការដាំដុះស្រូវរបស់កម្ពុជាមាននិរន្តភាព និងជួយដល់បរិស្ថាន។
ម្យ៉ាងវិញទៀត ការងាកទៅធ្វើស្រែក្នុងមួយឆ្នាំ៣ដង ទាមទារឱ្យការចូលរួមច្រើនពីភាគីពាក់ព័ន្ធ ក្នុងការឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត និងបញ្ជូនអ្នកជំនាញទៅបណ្តុះបណ្តាលដល់កសិករជាដើម ដែលអាចនឹងចំណាយថវិកាច្រើន។
លោកលើកឡើងថា «សំណួរសួរថា យើងចង់ធ្វើស្រែមួយឆ្នាំបីដង ប្រើថ្នាំប្រើជីច្រើនដូចវៀតណាម ឬធ្វើតែ ២ដងក្នុងមួយឆ្នាំតែមាននិរន្តភាព? តាមការយល់ឃើញរបស់ខ្ញុំយើងអត់គួរដើរ តាមអ្វីដែលវៀតណាម ដើរកន្លងមកទេ យើងគួរតែផ្តោតលើស្រូវប្រភេទណា ដែលទទួលបានតម្លៃខ្ពស់ និងមិនសូវប៉ះពាល់ដល់បរិស្ថាន»។
បើតាមលោក លោក កាន់ គន្ធី ភាគច្រើន វៀតណាមនាំចេញប្រភេទស្រូវអ៊ីអ៊ែរ។ ស្របពេលដែលកម្ពុជានាំចេញភាគច្រើន ជាប្រភេទអង្ករប្រណិត ដែលមានតម្លៃខ្ពស់ដូចជា អង្ករក្រអូប អង្ករសេរីរាង្គ អង្ករចំហុយ និងអង្ករស។
សូមជម្រាបថា រយៈពេល៣ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករចំនួនជាង ១៧ម៉ឺនតោន ទៅកាន់៤២ទីផ្សារគោលដៅ ទទួលបានថវិកាជាង ១២៦លានដុល្លារ។ ដោយឡែកការនាំចេញស្រូវវិញ មានចំនួន១.៥៦លានតោន ទទួលបានថវិកា ៣៩០.១២លានដុល្លារ៕