(ចិន)៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោង eWTP-Alibaba ដឹកនាំដោយលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមទស្សនកិច្ចសិក្សា ទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Alibaba នៅទីក្រុងហានចូវនៃសាធារណរដ្ឋប្រជាមានិតចិន។

បេសកកម្មនេះរួមដំណើរដោយលោក ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង បណ្ឌិត ហ៊ន ធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណង២ សំខាន់គឺ៖ (១) ដើម្បីសិក្សាឈ្វេងយល់បន្ថែម អំពីករណីជាក់ស្តែង នៃប្រព័ន្ធអេកូឡូស៊ី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់ក្រុមហ៊ុន Alibaba និង (២) ពិភាក្សាបញ្ចប់សេចក្តីព្រាងឯកសារ អនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ដើម្បីជំរុញកាលានុវត្តភាព នៃការនាំចេញផលិតផលកម្ពុជា, ការបណ្តុះបណ្តាលជំនាញ, ការលើកកម្ពស់វិស័យទេសចរណ៍, និងកិច្ចសហប្រតិបត្តិការនានា តាមរយៈគម្រោងភាពជាដៃគូនៃគម្រោង eWTP ។

កិច្ចព្រមព្រៀងអនុស្សារណៈយោគយល់នេះ ក៏ជាផ្នែកមួយនៃការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ។

ជាលទ្ធផល, ភាគីទាំងពីរបានពិភាក្សាលម្អិត និងឯកភាពលើខ្លឹមសារសំខាន់ៗ នៃអនុស្សារណៈនៃការយោគយល់គ្នា ដែលនឹងឈានទៅការចុះហត្ថលេខានាពេលខ្លីខាងមុខ។

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព មានបេសកកម្មចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ឱ្យមានភាពរស់រវើក និងលើកកម្ពស់សកម្មភាពធុរកិច្ចផ្សេង រួមបញ្ចូលទាំងការកសាងប្រព័ន្ធបណ្ដាញធុរកិច្ចឆ្លងប្រទេស (cross-border networking), កិច្ចសហប្រតិបត្តិការនេះ មានសក្តានុពលខ្ពស់ស្របទៅតាមបេសកកម្មរបស់ ម.អ.ស., ជាពិសេសក្នុងការប្រើថ្នាលប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក (eWTP) ដើម្បីលើកកម្ពស់ការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ និងការបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចមួយដ៏រឹងមាំ សម្រាប់ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត, ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Alibaba, គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបង្កើនឱកាសសេដ្ឋកិច្ច, ជម្រុញនវានុវត្តន៍, និងលើកកម្ពស់ការរួមបញ្ចូលប្រព័ន្ធឌីជីថលក្នុងទិដ្ឋភាពធុរកិច្ចកម្ពុជា។

eWTP បានបង្កើតឡើងដោយក្រុមហ៊ុន Alibaba Group និងបានដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកំពូល G20 Hangzhou ក្នុងឆ្នាំ២០១៦។ ទីក្រុងហាងចូវ, ទឹកដីកំណើតរបស់ eWTP, ជាទីក្រុងដែលមានប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកដ៏ជឿនលឿន ក្នុងសាធារណរដ្ឋប្រជាមានិតចិន, និងត្រូវបានទទួលនាមជា “China’s Silicon Valley” ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។

ក្រុមហ៊ុន Alibaba Group ជាក្រុមហ៊ុនមួយដែលបានបង្កើតឡើងនៅទីក្រុងនេះ ហើយបានវិវត្តខ្លួន ទៅជាក្រុមហ៊ុនឈានមុខផ្នែកអេឡិចត្រូនិក និងបច្ចេកវិទ្យាក្នុងពិភពលោកដោយមានការគាំទ្រពីរដ្ឋាភិបាល៕