(ភ្នំពេញ)៖ កម្ពុជា-ចិន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកព្រឹត្ដិការណ៍ផ្គូរផ្គងពាណិជ្ជកម្មផលិតផល ចំណីអាហារកែច្នៃពីផលិតផល ប្រចាំឆ្នាំ២០២៣។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ជំនួបរវាងភាគីកម្ពុជា ជាមួយនឹងភាគីចិន ខាងលើនេះ ដោយមានសមាគមផលិតចំណីអាហារកម្ពុជា សហការជាមួយសមាគមអាស៊ានបូក៦។ ក្នុងកម្មវិធីនេះ មានក្រុមហ៊ុនកម្ពុជា ចំនួន៨០ និងបរទេស ចំនួន១៥ក្រុមហ៊ុន។

លោក មៀវ សុខទ្រី ប្រធានសមាគមផលិតចំណីអាហារកម្ពុជា បានឲ្យដឹងថា សមាគមអាស៊ានបូក៦ មានទីតាំងនៅចិន, ថៃ, ជប៉ុន និងបណ្ដាប្រទេសមួយចំនួនទៀត។ សមាគមអាស៊ានបូក៦ គឺជាថ្នាល់ការងារធំមួយ ដែលផ្គួរផ្គង់ណែនាំផលិតផលពីប្រទេសទាំងឡាយឲ្យស្គាល់គ្នា រកទីផ្សារឲ្យគ្នាទៅវិញទៅមក។

ប្រធានសមាគមផលិតចំណីអាហារកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានផលិតផលមួយចំនួន បានដាក់តាំងបង្ហាញនៅក្នុងជំនួបនេះ ដើម្បីឲ្យក្រុមការងាររបស់អាស៊ានបូក៦ ជ្រើសរើសថា តើផលិតផលខ្មែរណាខ្លះ ដែលអាចចូលទៅបណ្ដាប្រទេសទាំង១៦នេះ។

បន្ថែមពីនោះទៀត លោក មៀវ សុខទ្រី បានឲ្យដឹងថា សមាគមផលិតចំណីអាហារកម្ពុជា បានដាក់តាំងបង្ហាញនូវផលិតផលសក្ដានុពលមួយចំនួន ដែលជាផលិតផលខ្មែរ ហើយខាងភាគីអាស៊ានបូក៦ បានយកផលិតផលមួយចំនួន មកតាំងបង្ហាញជូនផងដែរ។

បើតាមលោក មៀវ សុខទ្រី, ជំនួបពាណិជ្ជកម្មនេះ គឺសមាគមផលិតចំណីអាហារកម្ពុជា ព្យាយាមនាំយកផលិតផលកែច្នៃនៅកម្ពុជា ទៅកាន់ទីផ្សារអាស៊ានទាំង១៦ ដូច្នេះកសិករមានសង្ឃឹម ក្នុងការប្រមូលផលកសិកផល ដើម្បីមកដំណើរការកែច្នៃ ក្នុងការនាំចេញ។

សមាគមផលិតចំណីអាហារកម្ពុជា កំពុងព្យាយាមកាន់បន្ថែមលក្ខណៈមួយចំនួន ដើម្បីធ្វើការនាំចេញ ដោយបានទាក់ទងទៅកាន់តំបន់សេដ្ឋកិច្ចរួចពន្ធ ដែលព្យាយាមនាំទំនិញណា ដោយមិនចាំបាច់ឆ្លងកាត់ឯកសារច្រើន។ នេះជាការបញ្ជាក់បន្ថែម របស់លោក មៀវ សុខទ្រី៕