Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីភ្នាក់ងារវាយតម្លៃ Fitch ដាក់ចំណាត់ថ្នាក់បំណុលរបស់អាមេរិក ក្នុងស្ថានភាពឃ្លាំមើលអវិជ្ជមាន

26-05-2023 15:38

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុល Fitch កាលពីថ្ងៃពុធបានដាក់ចំណាត់ថ្នាក់ឥណទាន របស់សហរដ្ឋអាមេរិក ស្ថិតក្រោមការឃ្លាំមើលអវិជ្ជមាន ខណៈដែលការពិភាក្សាអំពីពិដានបំណុល មិនទាន់សម្រេចបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារ Fitch បានដាក់ចំណាត់ថ្នាក់បំណុលអាមេរិក AAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ខ្លួន ឱ្យស្ថិតនៅក្រោមឃ្លាំមើលអវិជ្ជមាន ពោលគឺមានន័យថា ស្ថិតក្នុងស្ថានភាពដែលអាចមានការទម្លាក់ចំណាត់ថ្នាក់ ប្រសិនបើសមាជិកសភាបរាជ័យ ក្នុងការបង្កើនបរិមាណទឹកប្រាក់កម្ចីសម្រាប់ក្រសួងរតនាគារអាមេរិក មុនពេលក្រសួងនេះ អស់សាច់ប្រាក់នៅសប្តាហ៍ក្រោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការទម្លាក់ចំណាត់ថ្នាក់បំណុលអាចប៉ះពាល់ ដល់ការកំណត់តម្លៃមូលបត្របំណុលរតនាគារ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ កំពុងជាប់គាំងក្នុងការពិភាក្សាអំពីការដំឡើង កម្រិតពិដានបំណុលចំនួន ៣១,៤ពាន់ពាន់លានដុល្លារ ហើយទីភ្នាក់ងារ Fitch បានឱ្យដឹងថា ខ្លួនអាចទម្លាក់ចំណាត់ថ្នាក់បំណុលរបស់អាមេរិក ប្រសិនបើសហរដ្ឋអាមេរិកមិនដំឡើង ឬផ្អាកកម្រិតបំណុលរបស់ខ្លួនទាន់ពេលវេលា។

ទីភ្នាក់ងារឥណទាននេះ បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា «Fitch នៅតែរំពឹងថានឹងមានដំណោះស្រាយ ចំពោះកម្រិតបំណុលមុនកាលបរិច្ឆេទបរាជ័យ សងបំណុល»

Fitch បានបន្តថា «ទោះជាយ៉ាងណា យើងជឿថា ហានិភ័យបានកើនឡើងដែលថា កម្រិតកំណត់បំណុលនឹងមិនត្រូវបានដំឡើង ឬផ្អាកមុនកាលបរិច្ឆេទបរាជ័យសងបំណុល ហើយជាលទ្ធផល រដ្ឋាភិបាលអាចចាប់ផ្តើមខកខានការទូទាត់កាតព្វកិច្ចបំណុលមួយចំនួន»