(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាន​ឱ្យដឹងថា ច្បាប់សារពើពន្ធថ្មី ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់ នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ មិនមានបំណងដាក់បន្ទុកបន្ថែម ឬដំឡើងអត្រាពន្ធដល់អ្នកជាប់ពន្ធនោះទេ។

លោក គង់ វិបុលថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី កម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពី ច្បាប់ស្តីពីសារពើពន្ធ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។

​អគ្គនាយក​ពន្ធដាររូបនេះបានគូសបញ្ជាក់ថា ការតាក់តែងច្បាប់សារពើពន្ធថ្មីនេះ ត្រូវបានធ្វើទំនើបកម្ម ធ្វើការកែលម្អឱ្យកាន់តែល្អ​ និងច្បាស់មុន ​ព្រមទាំងប្រមូលផ្តុំនូវគោលការណ៍កំណែទម្រង់​របស់រាជរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ២០១៥មក ​ហើយមិនបានដំឡើងអត្រាពន្ធនោះទេ ​ខណៈខ្លឹមសារភាគច្រើន ត្រូវបានរក្សាដដែល ដោយគ្រាន់តែកែលម្អនូវពាក្យពេជន៍មួយចំនួន ឱ្យមានសង្គតិភាពទៅនឹងច្បាប់ដទៃទៀតប៉ុណ្ណោះ។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា ​«ជារួមច្បាប់សារពើពន្ធថ្មីនេះ សូមជម្រាបជូនសាធារណជន ក៏ដូចជាអ្នកជាប់ពន្ធឱ្យបានជ្រាបថា យើងមិនមានដាក់បន្ទុកបន្ថែមទៅលើអ្នកជាប់ពន្ធនោះទេ គឺមានតែសម្រួ​ល ហើយមានតែផ្តល់នូវឃ្លាឃ្លោងមួយចំនួនឱ្យបានច្បាស់ជាងមុន ស្របទៅតាមស្តង់ដារអន្តរជាតិផង និងស្របទៅតាមកិច្ចព្រមព្រៀងមួយចំនួន ដែលយើងបានចុះហត្ថលេខាការយកពន្ធត្រួតស៊ីគ្នា»។​

លោកបន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុក និងគិតគូរយ៉ាងល្អិតល្អន់ ទៅដល់អ្នកជាប់ពន្ធ តាំងពីការលើកទឹកចិត្តទៅដល់អ្នកវិនិយោគ ផ្តល់ការលើកទឹកចិត្តទៅតាមវិស័យនានា ពោលគឺមិនឱ្យការយកពន្ធធ្វើឱ្យមានទំនាស់សេដ្ឋកិច្ច ឬរាំងស្ទះការធ្វើអាជីវកម្មនោះឡើយ។

លោកលើកឡើងទៀតថា «ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ច្បាប់នេះមិនមានអ្វីថ្មីទៀត គឺច្បាប់នេះប្រមូលផ្តុំបទបញ្ញត្តិដែលនៅរាយប៉ាយ ដែលធ្វើឱ្យអ្នកជាប់ពន្ធវង្វេងក្នុងការរក ហើយពេលខ្លះមន្រ្តីពន្ធដារក៏វង្វេងក្នុងការស្វែងរកផងដែរ។ នេះជាការងារមួយដែលធ្វើទំនើបកម្ម ដើម្បីឱ្យមានភាពងាយស្រួល ល្អប្រសើរជាងមុន ច្បាស់ជាងមុន និងមានសង្គតិភាពជាងមុន»

ដើម្បីឱ្យសាធារណជន និងអ្នកជាប់ពន្ធយល់កាន់តែច្បាស់ពីច្បាប់សារពើពន្ធថ្មីនេះ នាពេលខាងមុខ អគ្គនាយកដ្ឋានពន្ធដារ ​នឹងចាប់ផ្តើមផ្សព្វផ្សាយដល់ឱ្យបានទូលំទូលាយ ដើម្បីពន្យល់លម្អិតដល់សាធារណជន ក៏ដូចជាអ្នកជាប់ពន្ធទាំងអស់ឱ្យបានយល់ច្បាស់ ពីសារពើពន្ធថ្មីនេះ។

ច្បាប់ស្តីពីសារពើពន្ធថ្មី ដែលជំនួសច្បាប់ចាស់កាលពីឆ្នាំ ១៩៩៧ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣ និងដោយព្រឹទ្ធសភានៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ កន្លងមក។

ច្បាប់ស្តីពីសារពើពន្ធថ្មីនេះមាន ២០ ជំពូក និង ២៥៥ មាត្រា ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយដោយផ្អែកលើធាតុចូល ដែលផ្តល់ដោយក្រុមអ្នកឯកទេសមក ពីស្ថាប័នរដ្ឋ និងឯកជន ហើយត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣​៕