(ភ្នំពេញ)៖ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ «ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី» នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍ សហគ្រិនភាព។

លោក វង្សី វិស្សុត បានថ្លែងថា ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបាន សម្រាប់លើកស្ទួយសហគ្រិនភាព និងជាសសរស្តម្ភ នៃការអភិវឌ្ឍវិស័យឯកជន ដែលជាកម្លាំងចលករ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើតតម្លៃបន្ថែម, ការបង្កើតការងារ, ការបង្កើនប្រសិទ្ធភាព សេដ្ឋកិច្ច និង ជាប្រភពនៃនាវានុវត្តន៍។ រាជរដ្ឋាភិបាលចង់ឃើញធុរកិច្ចបង្កើតថ្មី (Start-up) រីកលូតលាស់ក្លាយ ទៅជាសហគ្រាសធុនតូច និងមធ្យម (SMEs), ចង់ឃើញសហគ្រាសធុនតូច (Micro Enterprises) រីកលូតលាស់ក្លាយ ទៅជា សហគ្រាសធុនមធ្យម (Medium Enterprises), និងចង់ឃើញសហគ្រាសធុនមធ្យម រីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួន ទៅជាសហគ្រាសធុនធំ ព្រមទាំង ចង់ឃើញសហគ្រាសទាំងនោះ ជួយបង្កើតតម្លៃបន្ថែមឱ្យបាន កាន់តែច្រើន ក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ជាវេទិកាជូនដល់ដៃគូចូលរួមទាំងអស់ ក្នុងការផ្សារភ្ជាប់បណ្តាញទំនាក់ទំនង និងបើកកិច្ចពិភាក្សាដើម្បីបង្កើតបានយុទ្ធសាស្រ្តដ៏កាន់តែ រឹងមាំសម្រាប់ការអនុវត្តគម្រោងនាពេលអនាគត។ លើសពីនេះ សហគ្រិនខ្មែរបានលើកឡើងពី សកម្មភាពមួយចំនួនក្នុងចំណោមកម្មវិធីជាច្រើនដែលបានអនុវត្តកន្លងមករាប់បញ្ចូលកាគាំទ្រទាំង ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ រីឯវគ្គជជែកពិភាក្សាមានការចូលរួមយ៉ាងសកម្មពីសំណាក់ ដៃគូជាតិ និងអន្តរជាតិ ក្នុងការចែករំលែកមតិកែលម្អ និងបទពិសោធន៍ដែលរួមចំណែកដល់ការ កែលម្អប្រព័ន្ធអេកូឡូស៊ី។

ការកសាងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាពតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមសម្រប សម្រួលដើម្បីជាការបង្ហាញផ្លូវ និង បង្កើតកិច្ចសហប្រតិបត្តិការឲ្យស្របតាមតម្រូវការរបស់អ្នក ពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ី។ ដូចច្នេះ អ្នកតំណាងប្រហែល ១២០នាក់ ដែលមាន មកពីស្ថាប័នរាជរដ្ឋាភិបាល ស្ថានទូត ស្ថាប័នគាំទ្រវិស័យសហគ្រិនភាព (ESOs) ស្ថាប័នហិរញ្ញវត្ថុ សមាគម បណ្តាញធុរកិច្ច និងអ្នកពាក់ព័ន្ធដ៏ទៃងទៀតបានចូលរួមក្នុងកម្មវិធីនេះ។ សហគ្រិនខ្មែរមានតួនាទីជាថ្នាលជាតិ តែងតែបំពេញបាននូវបេសកកម្មដែលជំរុញឲ្យអាជីវកម្មមានភាពរីកចម្រើន និងគាំទ្ររាល់សកម្មភាព ក្នុងវិស័យសហគ្រិនភាព។

សហគ្រិនខ្មែរ ក៏បាន និងកំពុងធ្វើការជាមួយដៃគូជាច្រើនរួមមានក្រុមវិនិយោគទុន ស្ថាប័នហិរញ្ញវត្ថុ និង ស្ថាប័នអនុវត្តគម្រោងផ្សេងៗទៀត ក្នុងការរៀបចំគម្រោងគាំទ្រដល់អាជីវកម្មទៅតាម ដំណាក់កាល។ ក្រៅពីសកម្មភាពពង្រីកបណ្តាញទំនាក់ទំនង សហគ្រិនខ្មែរ មានកម្មវិធីជាច្រើន ទៀតរួមមាន៖ កម្មវិធីពន្លឿនអាជីវកម្ម កម្មវិធីប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិប្រចាំឆ្នាំ កញ្ចប់ថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ ការវិនិយោគ ការពិគ្រោះយោបល់ និងការណែនាំ សម្រាប់អាជីវកម្ម៕