(ព្រះសីហនុ)៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសំណូមពរអាជ្ញាធរមូលដ្ឋានបន្ដណែនាំអប់រំ និងពន្យល់ប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួន លេីការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះការកម្ចីប្រាក់ ជៀសវាការចាញ់បោកជនបោកប្រាស់។
ការលេីកឡេីងរបស់លោក រ័ត្ន សុវណ្ណនរៈ បញ្ជាក់ឲ្យដឹងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេស ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ ដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់វិស័យនេះ តាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់
ថែមទៀតមួយចំនួន ក្នុងនោះបានអនុញ្ញាតឱ្យវិស័យនេះ មានលទ្ធភាពពង្រីកវិសាលភាព ប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗ ដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជា នូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។
លោកបានសំណូមពរ ដល់សមត្ថកិច្ចពាក់ព័ន្ធពិសេសអាជ្ញាធរមូលដ្ឋានឲ្យចូលរួមអប់រំ និងជួយពន្យល់ប្រជាជនអ្នកប្រើប្រាស់ប្រាក់កម្ចី ក្នុងមូលដ្ឋានខ្លួនឲ្យបានយល់ពីផលប្រយោជន៍ នៃការ ប្រេីប្រាក់កម្ចី ពិសេសកុំលង់តាមការឃោសនាមិនសមហេតុផល របស់ជនបោកប្រាស់ដូចករណីថ្មីៗនេះដែលបានខ្ចីលុយ ពីគ្រឹះស្ថានមីក្រូយកទៅវិនិយោគដីឡូត៍ជាដើម ពោលរាល់ប្រាក់កម្ចីត្រូវប្រើឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។
ជាមួយនេះត្រូវជួយក្រើនរំលឹក ដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនដែលផ្ដល់ការប្រាក់ខ្ពស់ និងពិនិត្យស្ថានភាពហិរញ្ញវត្ថុ របស់ប្រជាជនឲ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់សម្រាប់ការស្នើសុំប្រាក់កម្ចី ហើយរាល់ការខ្ចីត្រូវធ្វើនៅតាមគ្រឹះស្ថានមីក្រូដែលទទួលស្គាល់ដោយច្បាប់ ទើបចាកផុតពីបំណុលវន្ត័ករ និងទទួលបានការរីកចម្រើនសម្រាប់គ្រួសារ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាជិក ព្រមទាំងដៃគូពាក់ព័ន្ធនានាបាននឹងកំពុងអនុវត្តគម្រោង បរិយាប័ន្នហរិញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ ដែលរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៦ ក្នុងទំហំទឹកប្រាក់ប្រមាណពីរលានដុល្លារអាមេរិក។
លោក សុខ វឿន បានឲ្យដឹងទៀតថា គម្រោងដំណាក់កាលទី២ ដែលបានរៀបចំឡើងនេះ ផ្តោតអាទិភាពលើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមប្រជាជនកម្ពុជា ការលើកកម្ពស់តួនាទី របស់វិស័យមីក្រូហិរញ្ញវត្ថុ និងការពង្រឹងភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្រ្តបរិយាបន្នហិរញ្ញវត្ថុថ្នាក់ជាតិ ក្នុងនោះក៏មានគម្រោងការផលិតអត្ថបទអប់រំអំពីការលើកកម្ពស់បរិយាប័ន្នហរិញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ឱ្យបានទូលំទូលាយផងដែរ។
សូមជម្រាបថា របាយការណ៍ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ នេះបានបង្ហាញថា នៅក្នុងស្រុកព្រះនេត្រព្រះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង១៤ បានផ្តល់សេវាឥណទាន ដល់ប្រជាពលរដ្ឋនៅស្រុកនេះបានជាង ១០.០០០ គ្រួសារ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណជា ៤៨,៨ លានដុល្លារអាមេរិក។ ចំណែកឯអតិថិជនប្រាក់បញ្ញើវិញមានចំនួនប្រមាណ១៦.៦០០នាក់ ដែលមានសមតុល្យប្រាក់បញ្ញើសរុបចំនួន៣,៩លានដុល្លារអាមេរិក៕