(ភ្នំពេញ)៖ កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាព​ចុះអនុស្សរណៈយោគយល់គ្នា (MOU) លើកទី​៧ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបើកផ្លូវលើការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ទៅកាន់ប្រទេសចិន​ ខណៈកម្ពុជាបានស្នើសុំភាគចិនបន្ថែមបរិមាណនៃការនាំចេញអង្ករពីកម្ពុជា។

គម្រោង​ចុះ MOU លើកទី​៧ ស្តីអំពីការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ ធ្វើឡើងបន្ទាប់ពី MOU លើកទី៦ លើបរិមាណអង្ករចំនួន៤០ម៉ឺនតោន ដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ​​ត្រូវបានអនុវត្តន៍សម្រេចបានតាមផែនការទាំងស្រុង ​ដែលនឹងបញ្ចប់នៅចុងខែឧសភានេះ។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែឧសភានេះ ថា បន្ទាប់ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រជុំជាមួយក្រុមហ៊ុនសាជីវកម្ម សាធារណរដ្ឋប្រជាមានិតចិន (COFCO) កាលពីសប្តាហ៍មុន ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់លើកទី៦ ​ភាគីទាំងពីរបានពិភាក្សាលើលទ្ធភាព នៃការរៀបចំអនុស្សរណៈយោគយល់លើកទី៧ ដើម្បីនាំចេញអង្ករទៅចិនឱ្យបានកាន់តែច្រើន។

តែយ៉ាងនេះក្តី បរិមាណអង្ករដែលត្រូវចុះ MOU លើកទី៧ខាងមុខនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយភាគីទាំងពីរនឹងពិភាក្សាគ្នាបន្តទៀត។ ចំណែក ការអនុវត្តទៅលើ MOU នេះ ត្រូវបានព្រមព្រៀងគ្នារយៈពេល១៧ខែ។

លោកបន្តថា​​ «ក្នុងនោះដែលយើងបានស្នើសុំភាគី​ COFCO ​បន្ថែមបរិមាណ​ដល់ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន រួមទាំងបានស្នើសុំនូវផែនការបញ្ជាទិញពីខាងភាគីចិននូវបរិមាណប្រចាំខែនីមួយៗ ដើម្បីយើងងាយស្រួលក្នុងការធ្វើផែនការត្រៀមស្តុកស្រូវជូនទៅដល់អតិថិជននៅក្នុងប្រទេសចិន»

សូមជម្រាបថា ក្នុងការអនុវត្តMOUកន្លងមក ភាគីទាំងពីរបានពេញចិត្តលើវឌ្ឍនភាពនៃការរីកចម្រើនលើវិស័យស្រូវអង្ករកម្ពុជា-ចិន ដែលភាគីចិនបានទិញអង្ករពីកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំ នេះ បានកើនឡើងពី ៦០០តោន នៅឆ្នាំ២០១១ ទៅដល់ជាង ៣០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលស្មើនឹង១០% នៃការនាំចូលអង្ករសរុបរបស់ប្រទេសចិនក្នុងមួយឆ្នាំ។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករចំនួនជាង១៧ម៉ឺនតោន ទៅកាន់៤២ទីផ្សារគោលដៅ ទទួលបានថវិកាជាង១២៦លានដុល្លារ ក្នុងនោះនាំចេញទៅចិនបរិមាណច្រើនជាងគេ ​ចំនួនជាង៨ម៉ឺនតោន ដែលកាន់កាប់ចំណែក ៤៨ភាគរយនៃការនាំចេញសរុប៕