(តូក្យូ)៖ ប្រទេសចំនួន១៤ នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិកដែលដឹកនាំដោយសហរដ្ឋអាមេរិកខិតជិតទៅរកការព្រមព្រៀងគ្នាស្តីពីការសម្របសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ ហើយ ហើយអាចនឹងប្រកាសកិច្ចព្រមព្រៀងមួយភ្លាមៗនៅសប្តាហ៍ក្រោយនេះ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីកិច្ចពិភាក្សានេះដោយបានស្នើសុំមិនបញ្ចេញឈ្មោះថា ក្រុមអ្នកចរចាចង់ប្រកាសកិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៅទីក្រុងដេត្រូយ (Detroi)t នៅថ្ងៃទី២៧ ខែឧសភាខាងមុន។

កិច្ចពិភាក្សានេះផ្តោតលើប្រព័ន្ធនានាដើម្បីផ្តល់ការព្រមានជាមុន នៅពេលដែលប្រទេសនានាមើលឃើញហានិភ័យនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ គោលបំណងគឺដើម្បីជៀសវាងការរំខានជាសកលដែលជួបប្រទះក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ទៀតថា ខ្សែសង្វាក់ផ្គត់ផ្គង់គឺជាសសរស្តម្ភមួយក្នុងចំណោម “សសរស្តម្ភ” ទាំងបួននៅក្នុងក្របខ័ណ្ឌដែលប្រទេសនានាបានចាប់ផ្តើមពិភាក្សាកាលពីឆ្នាំមុន ដែលរួមមានសេដ្ឋកិច្ចស្អាតដែលផ្តោតលើការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញនិងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចស្មើភាពដែលរួមមានបញ្ហាពន្ធដារនិងអំពើពុករលួយ និងពាណិជ្ជកម្ម។

បើទោះបីជាកិច្ចព្រមព្រៀងស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់នឹងមានវឌ្ឍនភាពទៅមុខក៏ដោយ ក៏សសរស្តម្ភដែលនៅសេសសល់មួយចំនួនទៀតអាចពិបាកដោះស្រាយជាងខ្សែសង្វាក់ផ្គត់ផ្គង់ ដូចជាសសរស្ដម្ភពាណិជ្ជកម្មជាដើម ដែលឥណ្ឌាមិនចូលរួមដោយសារតែការព្រួយបារម្ភអំពីការប្ដេជ្ញាចិត្តចំពោះបរិស្ថាន និងការងារ។ ពាណិជ្ជកម្មក៏ជាបញ្ហាផងដែរដែលតាមប្រវត្តិសាស្ត្រប្រទេសនានាបានមានការជម្នះខ្លាំងទម្រាំឈានដល់ការចុះកិច្ចព្រមព្រៀងណាមួយ។

អ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលោកស្រី Katherine Tai កំពុងចរចាអំពីសសរស្តម្ភពាណិជ្ជកម្មសម្រាប់សហរដ្ឋអាមេរិក ខណៈដែលក្រសួងពាណិជ្ជកម្មដែលដឹកនាំដោយលោកស្រីរដ្ឋមន្ត្រី Gina Raimondo កំពុងត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងលើសសរស្ដម្ភបីផ្សេងទៀត។

សហរដ្ឋអាមេរិកបានបង្កើតគំនិតផ្តួចផ្តើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF នេះសម្រាប់ធ្វើជាមធ្យោបាយមួយដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន និងបង្កើតឱ្យមានមូលដ្ឋានឥទ្ធិពលអាមេរិកឡើងវិញក្រោយពេលដែលបានបាត់បង់បន្ទាប់ពីការដកខ្លួនចេញពីកិច្ចខិតខំប្រឹងប្រែងមុនៗ ដើម្បីកំណត់ច្បាប់ពាណិជ្ជកម្មក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕