(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិននឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ដើម្បីជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ត្រីពាណិជ្ជកម្មកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក លីវ ប៉េងយូ (Liu Pengyu) អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានអនឡាញរបស់ស្ថានទូតចិនជាមួយអ្នកសារព័ត៌មាន។ លោកបានបន្ថែមថា ទីក្រុងប៉េកាំងបើកចំហសម្រាប់ទំនាក់ទំនងគ្រប់កម្រិតជាមួយសហរដ្ឋអាមេរិក ប៉ុន្តែផ្អែកលើការគោរពគ្នាទៅវិញទៅមកប៉ុណ្ណោះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា នាពេលក្រោយមក ស្ថានទូតចិនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយថា ភាគីទាំងពីរស្ថិតនៅក្នុងការពិភាក្សាលម្អិតអំពីផែនការនេះនៅឡើយ។

ប្រភពដែលដឹងពីផែនការសម្រាប់កិច្ចប្រជុំនេះបានប្រាប់រ៉យទ័រថា រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) ត្រូវបានរំពឹងថានឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ាយម៉ុនដូ (Gina Raimondo) នៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងដេត្រូយ (Detroit) សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

បន្ទាប់មក លោក វ៉ាង នឹងជួបជាមួយអ្នកតំណាងពាណិជ្ជកម្មអាមេរិកគឺលោកស្រី ខេតធឺរីន តៃ (Katherine Tai) នៅក្រៅជំនួបកិច្ចប្រជុំនោះ ដែលគ្រោងធ្វើឡើងពីថ្ងៃទី២៥ ដល់ ២៦ ខែឧសភា។

អ្នកនាំពាក្យការិយាល័យរបស់លោកស្រី តៃ និងលោកស្រី រ៉ាយម៉ុនដូ មិនឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានទេ។

ទីក្រុងវ៉ាស៊ីនតោនបានសម្តែងការខ្នះខ្នែងឱ្យមានកិច្ចប្រជុំកម្រិតខ្ពស់ជាមួយប្រទេសចិនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកុំឱ្យទំនាក់ទំនងដែលតានតឹងកាន់តែខ្លាំងឡើងនេះឱ្យងាកទៅរកជម្លោះ៕