\

(បាងកក)៖ ទេសាភិបាលរងធនាគារកណ្តាលថៃ (BoT) លោក Mathee Supapongse បានឱ្យនៅថ្ងៃព្រហស្បតិ៍ថា ធនាគារកណ្តាលថៃរំពឹងថានឹងបន្ធូរបន្ថយច្បាប់ស្តីពីការប្រើប្រាស់ប្រាក់យន់ចិនសម្រាប់ការធ្វើពាណិជ្ជកម្មនៅឆ្នាំនេះ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលរូបិយប័ណ្ណ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីលោក Mathee ខណៈថ្លែងទៅកាន់អ្នកយកព័ត៌មានថា ធនាគារកណ្តាលថៃកំពុងពិភាក្សាជាមួយធនាគារកណ្តាលចិនអំពីរបៀបលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណនេះ។

លោកបានថ្លែងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសថៃ ប៉ុន្តែការទូទាត់ជារូបិយប័ណ្ណក្នុងស្រុកនៅតែមានតិចតួចនៅឡើយ។

លោកបានបន្តថា នឹងមិនមានបញ្ហានោះទេជាមួយនឹងបរិមាណប្រាក់យន់ដែលត្រូវប្រើសម្រាប់ការទូទាត់ពាណិជ្ជកម្ម ដោយសារប្រទេសទាំងពីរមានការដោះដូររូបិយប័ណ្ណនឹងគ្នា។

លោកបានបន្ថែមថា ការប្រើប្រាស់ប្រាក់យន់មិនគួរជាបញ្ហាសម្រាប់សហរដ្ឋអាមេរិកទេ ដោយសាររូបិយប័ណ្ណចិននឹងមិនអាចដើរតួនាទីដូចគ្នានឹងប្រាក់ដុល្លារអាមេរិកបានទេក្នុងរយៈពេលខ្លី។

ប្រទេសថៃកំពុងលើកទឹកចិត្តឱ្យប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ពាណិជ្ជកម្មដើម្បីជួយក្រុមហ៊ុននាំចេញកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលប្រាក់ដុល្លារធៀបនឹងប្រាក់បាត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕