(នីអ៊ីហ្កាតា)៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បាននិយាយថា លោកស្រីរំពឹងថាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខលោកស្រីនឹងធ្វើបច្ចុប្បន្នភាពជូនសភាអំពីថាតើរដ្ឋាភិបាលសហព័ន្ធខិតជិតប៉ុណ្ណាទៅរកការបរាជ័យកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
លោកស្រី Yellen បានឱ្យដឹងនៅថ្ងៃសៅរ៍ក្នុងបទសម្ភាសមួយជាមួយ Bloomberg News នៅទីក្រុងនីអ៊ីហ្កាតា ប្រទេសជប៉ុនថា៖ «ខ្ញុំមិនចង់កំណត់ជាក់លាក់អំពីពេលវេលាដែលយើងធ្វើបច្ចុប្បន្នភាពនោះទេ។ យើងធ្វើវានៅពេលយើងគិតថាយើងមានព័ត៌មានបន្ថែម ប៉ុន្តែប្រាកដណាស់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ»។
ការជូនដំណឹងចុងក្រោយរបស់លោកស្រី Yellen ទៅកាន់សមាជិកសភាគឺនៅថ្ងៃទី១ ខែឧសភា ដោយលោកស្រីប្រាប់សមាជិកសភាថា រតនាគារអាចអស់សាច់ប្រាក់នៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ។
នៅពេលដែលសេតវិមាន និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបន្តជជែកគ្នានៅទីក្រុងវ៉ាស៊ីនតោនជុំវិញបញ្ហាបំណុល និងការចំណាយរបស់រដ្ឋាភិបាល លោកស្រី Yellen បានការពារការកើនឡើងយ៉ាងខ្លាំងនៃការបោះផ្សាយប័ណ្ណបំណុលស្ថិតក្រោមរដ្ឋាភិបាលលោកប្រធានាធិបតី Joe Biden និងចក្ខុវិស័យសុទិដ្ឋិនិយមរបស់លោកស្រីសម្រាប់សេដ្ឋកិច្ចអាមេរិក។
ទន្ទឹមនឹងនោះដែរ លោកស្រីក៏បានកត់សម្គាល់ពីការប្រុងប្រយ័ត្ន ដែលមិនត្រឹមតែចំពោះហានិភ័យនៃការបរាជ័យសងបំណុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការកើនឡើងអត្រាការប្រាក់ និងស្ថានភាពកាន់តែយ៉ាប់យ៉ឺននៃវិស័យអចលនទ្រព្យពាណិជ្ជកម្មផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕