(បាងកក)៖ ប្រទេសថៃ និងអាមីរ៉ាតអារ៉ាប់រួម (UAE) កាលពីថ្ងៃអង្គារបានប្រកាសចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) លើកដំបូងរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគរវាងប្រទេសថៃ និងអាមីរ៉ាតអារ៉ាប់រួម ដែលមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគី ១០% ក្នុងឆ្នាំដំបូងនៃការអនុវត្តកិច្ចព្រមព្រៀងនេះ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានប្រកាសពីការចាប់ផ្តើមចរចានេះបន្ទាប់ពីមានសន្និសីទតាមអនឡាញមួយជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេសរបស់ប្រទេសអាមីរ៉ាអារ៉ាប់រួមគឺលោក Thani bin Ahmed Al Zeyoudi។
លោក Jurin បានថ្លែងថា ការចរចាមានវឌ្ឍនភាពយ៉ាងឆាប់រហ័សបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសអាមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី៧ ខែកុម្ភៈ។
ក្នុងរយៈពេលបីខែមកនេះ ភាគីទាំងពីរបានចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយថៃ-អាមីរ៉ាតអារ៉ាប់រួម ហើយកិច្ចពិភាក្សាផ្សេងៗទៀតគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី ១៦ ដល់ ១៨ខែឧសភា នៅទីក្រុងឌូបៃ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ កិច្ចប្រជុំនៅទីក្រុងឌូបៃនេះនឹងជាជំនួបលើកដំបូងរវាងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលដឹកនាំដោយអគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ។
ប្រធាននាយកដ្ឋានចរចាពាណិជ្ជកម្មថៃត្រូវបានតែងតាំងឱ្យដឹកនាំគណៈប្រតិភូក្នុងការចរចានេះដោយមានគោលបំណងបញ្ចប់កិច្ចព្រមព្រៀងក្នុងរយៈពេលប្រាំមួយខែ ឬនៅចុងឆ្នាំនេះ។
លោក Jurin បានមានប្រសាសន៍ថា៖ «ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ នោះ FTA រវាងថៃ-អេមីរ៉ាតអារ៉ាប់រួម នឹងត្រូវបានចាត់ទុកថាជាកិច្ចចរចា FTA លឿនបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ មានការរំពឹងថានឹងចំណាយពេលត្រឹមតែ ៩ខែប៉ុណ្ណោះដើម្បីបញ្ចប់ការចរចា។ បន្ទាប់ពីកិច្ចចរចាត្រូវបានបញ្ចប់ ភាគីទាំងពីរនឹងចំណាយពេលប្រាំមួយខែទៀតដើម្បីអនុវត្ត នីតិវិធីផ្ទៃក្នុង និងស្វែងរកការអនុម័តពីគណៈរដ្ឋមន្ត្រី និងសភា។ ប្រសិនបើសភាអនុម័ត មានការរំពឹងថា FTA នេះនឹងត្រូវអនុវត្តនៅពាក់កណ្តាលឆ្នាំក្រោយ»។
លោកបានបន្តថា ពេលអនុវត្ត ផលិតផលដែលនឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗរួមមាន អាហារកំប៉ុង អាហារសមុទ្រកែច្នៃ វាយនភណ្ឌ សំលៀកបំពាក់ ភួយ ផលិតផលកៅស៊ូ ផលិតផលរថយន្ត ម៉ាស៊ីនត្រជាក់ គ្រឿងអគ្គិសនី និងផលិតផលស្បែក៕