(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យដឹងថា ម្រេចរបស់កម្ពុជា ត្រូវបានអនុញ្ញាត ឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីបានបំពេញគ្រប់លក្ខខណ្ឌតម្រូវរួចរាល់។
ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលគយនៃប្រទេសចិន បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុន សហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន ដែលបញ្ជាក់ថាម្រេចកម្ពុជា បានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ ទៅទីផ្សារចិន។
ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិន ក្នុងការនាំចេញ។
ដើម្បីពន្លឿនការអនុវត្តពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិន និងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។
ដំណាំម្រេច គឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕