(កណ្តាល)៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២២, កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) សម្រេចបានលទ្ធផលជីវកម្ម ដោយទទួលបាននូវបរិមាណកុងពីន័រ ចំនួនជិត៤២ម៉ឺន TEUs (៤១៧ ៦៩៦ TEUs) ដែលអនុវត្តបានលើសផែនការឆ្នាំ២០២២ ចំនួន១០៦ភាគរយ និងកើនឡើងចំនួន២០ភាគរយ ធៀបនឹងការអនុវត្ត ឆ្នាំ២០២១។

ថ្លែងនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៨ របស់កំពង់ផែស្វយ័តភ្នំពេញ, លោក ហ៊ឺ បាវី បន្ថែមថា ចំពោះលទ្ធផលហិរញ្ញវត្ថុ ក.ស.ភ ទទួលបាននូវប្រាក់ចំណេញ ចំនួនជាង១៤លានដុល្លារអាមេរិក (១៤.៣១៣.២៨៣ដុល្លារ) ដែលអនុវត្តបានលើសផែនការ ឆ្នាំ២០២២ ចំនួន១ភាគរយ និងកើនឡើងចំនួន១៣ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១។

លោក ហ៊ឺ បាវី បានឲ្យដឹងដែរថា ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានកន្លងមកនេះ ក.ស.ក ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន៖ គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ត្រៀមអភិវឌ្ឍជំហានទី៤ គម្រោងពង្រីកទីលានស្ដុកកុងតឺទ័រ នៃចំណតផែកុងតឺន័រ LN១៧ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្ល នៅតាមបណ្ដាទីតាំង ចំនួន៧ទៀត រួមមាន៖ ចំណតផែរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរពហុបំណងបឹងកេត (កំពង់ចាម), ចំណតផែរណបពហុបំណងភ្នំក្រោម (សៀមរាប), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង, ចំណតផែរណបពហុបំណងកំពង់លែង, ចំណតផែរណបពហុបំណងព្រែកក្ដាម, និងចំណតផែរណបពហុបំណងសុវណ្ណភូមិ IM២៥ ដើម្បីបង្ខិតសេវាកម្មរបស់ ក.ស.ភ ឲ្យកាន់តែកៀកអតិថិជន និងជម្រុញការនាំចេញកសិផលតាមតំបន់នីមួយៗ។

បើតាមលោកប្រធានអគ្គនាយកកំពង់ផែស្វយ័ត, គិតមកដល់ពេលនេះ ការចូលផ្សារមូលបត្រកម្ពុជា របស់កំពង់ផែស្វយ័តភ្នំពេញ មានរយៈពេល៨ឆ្នាំហើយ ដោយក្នុងនោះតម្លៃភាគហ៊ុនរបស់ ក.ស.ភ មានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាកញ្ចក់ឆ្លុះបញ្ចាំងពីការរីកចម្រើន និងការជឿទុកចិត្តរបស់វិនិយោគិន មកកាន់ ក.ស.ភ។

លោកបានថ្លែងថា «យើងពិតជាមានកិត្តិយស និងមានមោទនភាពចំពោះស្នាដៃ និងលទ្ធផល ដែលសម្រេចបាននេះណាស់។ ទោះបីជាយ៉ាងណា យើងនៅមានការទទួលខុសត្រូវច្រើនបន្តទៀត ដែលក្នុងនោះ ត្រូវបន្តអនុវត្តផែនការសកម្មភាពអភិវឌ្ឍកំពង់ផែ (តាមរយៈការពង្រឹងការគ្រប់គ្រងអង្គភាព ការពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងប្រតិបត្តិការអាជីវកម្មសេវាកម្ម បន្តជំរុញការងារជាមួយដៃគូពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ ក្នុងការធ្វើពិពិធកម្មសេវាកម្មកំពង់ផែ ឲ្យកាន់តែសម្បូរបែប សំដៅបង្កើនចំណូលរបស់អង្គភាព និងការធ្វើទំនើបកម្មកំពង់ផែ ដើម្បីត្រៀមខ្លួនឆ្លើយតប ទៅនឹងការវិវឌ្ឍជាសាកល នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងយុគ្គសម័យឌីជីថល»

សូមជម្រាបថា កំពង់ផែស្វយ័តភ្នំពេញ ជាសហគ្រាសសាធារណៈ ដែលមានភារកិច្ចធ្វើប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ដល់សេវាកម្មផែ និងសេវាកម្មពាក់ព័ន្ធដទៃទៀត ក្នុងវិស័យដឹកជញ្ចូនផ្លូវទឹកតាមដងទន្លេ។

តាមរយៈការផ្តល់សេវា ប្រកបដោយគុណភាពរហ័ស និងតម្លៃប្រកួតប្រជែង បច្ចុប្បន្នកំពង់ផែស្វយ័តភ្នំពេញ បាននិងកំពុងធ្វើប្រតិបត្តិការ នៅចំណតផែចម្បងរបស់ខ្លួនចំនួន ៦ទីតាំង នៅរាជធានីភ្នំពេញ និងបណ្តខេត្តនានា ហើយនៅតែបន្តវិវត្តខ្លួនតាមរយៈការពង្រីក និងបង្ខិតសេវាកម្មទៅជិតអ្នកប្រើប្រាស់ ដោយគ្រោងនឹងបង្កើតចំណតផែ នៅតាមបណ្ដាទីតាំងយុទ្ធសាស្ត្រផ្សេងទៀត ដើម្បីភ្ជាប់ទំនាក់ទំនង រវាងដៃគូពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស និងជំរុញការនាំចេញទំនិញកសិផលរបស់កម្ពុជា៕