(ភ្នំពេញ)៖ ប្រធានក្រុមមន្រ្តីបេសកកម្មរបស់IMF វាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា នឹងមានភាពល្អប្រសើរក្នុងឆមាសទី២ឆ្នាំ២០២៣ ដែលជាកត្តាជំរុញកំណើននាំចេញរបស់កម្ពុជានាពេលខាងមុខ។
មន្រ្តីបេសកកម្មរបស់IMF លើកឡើងបែបនេះ ក្នុងឱកាសអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់មន្រ្តី (Staff Visit) នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី និងលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុ អន្តរជាតិប្រចាំនៅកម្ពុជា។
ក្នុងជំនួបដែលបានធ្វើឡើងនាថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីសារសំខាន់នៃបេសកកម្មរបស់មន្រ្តី នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេលនេះ ក្នុងខណៈដែលកម្ពុជា កំពុងរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៤ និងក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកល បាននិងកំពុងហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ដែលបង្កឡើងដោយភាពមិនអំណោយផលនៃភូមិសាស្រ្តនយោបាយ, សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន, ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ, ការបែកខ្ញែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច, និងកំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ជាដើម ។ កក្តាទាំងនេះបានជះឥទ្ធិពលអវិជ្ជមានមកលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជាផងដែរ ។
លោក Davide Furceri ប្រធានក្រុមបេសកកម្ម បានរាយការណ៍ពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសកល និងបានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ ២០២៣ នេះ ។ កត្តានេះ នឹងអាចជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា មួយកម្រិត តាមរយៈការងើបឡើងវិញនៃវិស័យនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរ និងវិស័យឧស្សាហកម្មមិនមែនកាត់ដែរ។
លោកបន្តថា ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្ដី, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ បន្ដរក្សាបានកំណើនមួយល្អប្រសើរបើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការវិលត្រលប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញនៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា ។
ជាមួយគ្នានេះ លោក Davide Furceri បានបញ្ជាក់ពីការបន្ដគាំទ្រក្នុងការផ្តល់ជំនួយបច្ចេកទេសនានា ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពមន្ដ្រីផងដែរ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានបន្តផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់មន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈកម្ពុជា ក៏ដូចជា ការផ្តល់អនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដល់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តជាតិសំខាន់ផ្សេងៗទៀត និងបានជូនពរក្រុមការងារឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការងារក្នុងឆ្នាំ ២០២៣ នេះ៕