(ភ្នំពេញ)៖ ក្នុងរយៈពេល ៤ខែឆ្នាំ២០២៣នេះ ​ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិសម្រេចបានជាង ១៥ពាន់លានដុល្លារ​ ធ្លាក់ចុះជាង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ​ដែលមានជាង ១៧ពាន់លានដុល្លារ។ នេះបើយោង​ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ​

​តាមទិន្នន័យដដែលនេះចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២​៣ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃ ជាង ៧.២ ពាន់លានដុល្លារ ធ្លាក់ចុះ​៤.៩% ខណៈកម្ពុជាបាននាំចូលទំនិញមកវិញក្នុងទឹកប្រាក់ប្រមាណ ៧.៩ពាន់លានដុល្លារ ថយចុះ២១.១%។

សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់នាំចេញក្នុងតម្លៃ ២.១ ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ប្រមាណ ៩៧៩លានដុល្លារ​, គុជខ្យងធម្មជាតិឬចិញ្ចឹម ត្បូងថ្មមានតម្លៃ ​នាំចេញបានជាង ៣០០លានដុល្លារ ​, ស្បែកជើង ​តម្លៃជាង ៤៣៦លានដុល្លារ ​រួមនឹងទំនិញសំខាន់ៗផ្សេង​ទៀត​​។​

ចិន​ជាប្រទេសនៅនៅលេខរៀងទី១ ដែលសម្រេចបានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ​ដែលមានចំនួនជាង ៣.៨ពាន់លានដុល្លារ ​ ​ស្របពេលអាមេរិក ស្ថិតនៅលេខរៀងទីពីរ ​សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយកម្ពុជា ​ប្រមាណ ២.៥ពាន់ដុល្លារ។ ចំណែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត​៕