(ភ្នំពេញ)៖ ស្របពេលព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ហាងម្ហូបអាហារល្បីៗ ប្រចាំតំបន់នៅទូទាំងប្រទេសកម្ពុជា បានរួមគ្នាតាំងពិព័រណ៍ម្ហូបចំណីអាហារនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីបំពេញតម្រូវការជូនភ្ញៀវប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ មានគុណភាព និងសុវត្ថិភាព ថែមទាំងគិតគូរពីបរិស្ថាន។

លោកស្រី វ៉ា សុជិន អ្នកគ្រប់គ្រងស្តង់ពិព័រណ៍ម្ហូបអាហារ បានឱ្យដឹងថា ស្ដង់ម្ហូបអាហារដែលតាំងពិព័រណ៍ និងលក់ជូនភ្ញៀវនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាឱកាសព្រឹត្តិការណ៍ស៉ីហ្គេមនេះ គឺមានរហូតដល់ជាង៦០ស្ដង់ ដែលមានម្ហូបអាហារខ្មែរពិសេសៗប្រចាំតំបន់។

លោកស្រីបានបន្តថា ពិព័រណ៍ម្ហូបអាហារនេះ ត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់ទៅលើសុខភាព គុណភាព អនាម័យ និងសុវត្ថិភាពខ្ពស់ បម្រើជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ កីឡាករជាតិ-អន្តរជាតិប្រកបដោយក្ដីពេញចិត្ត ហើយអាជីវករម្នាក់ៗក៏ព្យាយាមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។

អ្នកគ្រប់គ្រងស្តង់រូបនេះបានបន្តទៀតថា ពិព័រណ៍ម្ហូបអាហារនេះគឺនៅបន្តមានឡើងរហូតដល់ថ្ងៃពិធីបិទព្រឹត្តិការណ៍ស៉ីហ្គេមតែម្ដង ពោលគឺចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី វ៉ា សុជិន បញ្ជាក់ដែរថា ក្នុងនាមជាកូនខ្មែរ លោកស្រីពិតជាមានមោទនភាពខ្លាំងណាស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក្នុងន័យសាមគ្គីភាពប្រកបដោយស្មារតី កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមគ្នា ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡា វប្បធម៌ និងទេសចរណ៍ លើកស្ទួយកិត្យានុភាពជាតិកាន់តែល្បីល្បាញ។

ដូច្នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លោកស្រីបានរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារនេះឡើង ដោយនាំមកនូវមុខម្ហូបខ្មែរពិសេសៗប្រចាំតំបន់នីមួយៗ សម្រាប់បំពេញតម្រូវការចំណីអាហារជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាគាំទ្រកីឡាករនៅពហុកីឡដ្ឋានជាតិ ជាពិសេសភ្លក្សម្ហូបអាហារខ្មែរ និងទិញយកទៅបរិភោគឱ្យស្គាល់ពីស្នាដៃរបស់ខ្មែរ ព្រមទាំងមានតុកៅអីសម្រាប់អង្គុយញុំាអាហារប្រកបដោយអនាម័យ និងអាចទស្សនាការប្រកួត តាមរយៈការឡាយបន្តផ្ទាល់លើវិញ្ញាសាប្រដាល់គុនខ្មែរលើផ្ទាំង LED ផងដែរ។

លោកស្រី វ៉ា សុជិន មានសុទិដ្ឋិនិយមថា ការតាំងពិព័រណ៍ម្ហូបអាហារនេះ នឹងក្លាយជាឱកាសសម្រាប់ឱ្យភ្ញៀវអន្តរជាតិ កាន់តែស្គាល់ច្បាស់ពីវប្បធម៌ខ្មែរ ផលិតផលខ្មែរ រសជាតិម្ហូបអាហារខ្មែរ ហើយបន្តការផ្សព្វផ្សាយទៅកាន់សាច់ញាតិ មិត្តភក្តិ ក៏ដូចជាទៅកាន់អន្តរជាតិផ្សេងទៀត៕