(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ី កល្យាណ ស្ថាបនិកមជ្ឈមណ្ឌលសូត្រខ្មែរ បានបញ្ជាក់ថា បច្ចុប្បន្ននេះមជ្ឈមណ្ឌលសូត្រខ្មែរ កំពុងបង្កាត់ពូជដង្កូវនាងថ្មី ឈ្មោះថា Eri Silk ជាប្រភេទដង្កូវនាងងាយស្រួលចិញ្ចឹម ដើម្បីត្រូវផ្តល់ពូជនេះ ជូនកសិករនៅតាមជនបទ​ ចញ្ចឹមយកសូត្រលក់យកចំណូលបន្ថែម លើកកម្ពស់ជីវភាពគ្រួសារ។

ជាមួយគ្នានេះ សម្រាប់ប្រភេទដង្កូវនាងនោះ នៅពេលប្រមូលផលសូត្រ គឺមិនចាំបាច់ស្មុគ្រស្មាញ ក្នុងស្ងោររវៃយកសរសៃអំបោះនោះឡើយ គឺគ្រាន់តែយកដៃបេះសរសៃអំបោះចេញជាការសម្រេច ហើយចំពោះទីផ្សារ ក៏មានរួចរាល់ផងដែរ។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News លោកបណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់ថា ដង្កូវនាងថ្មីឈ្មោះថា Eri Silk ជាប្រភេទដង្កូវនាងងាយស្រួលចិញ្ចឹម ដោយការចិញ្ចឹមពលរដ្ឋមិនចាំបាច់ចំណាយពេល ក្នុងការដាំដើមមនឲ្យដង្កូវនាងស៊ីនោះទេ គឺដង្កូវប្រភេទនេះស៊ីស្លឹកដំឡូងមី និងស្លឹកល្ហុងខ្វង ដែលជាប្រភេទដំណាំងាយស្រួលដាំដុះ និងសំបូរនៅប្រទេសកម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់ថា ដង្កូវនាងថ្មីឈ្មោះថា Eri Silk ជាប្រភេទដង្កូវនាងសំបូរ ក្នុងប្រទេសក្ដៅដូចជាប្រទេសឥណ្ឌា ហើយប្រទេសថៃក៏មានច្រើន បច្ចុប្បន្ននេះមជ្ឈមណ្ឌលសូត្រខ្មែរ កំពុងបង្កាត់ពូជដង្កូវនាថ្មី Eri Silk នៅប្រទេសកម្ពុជាជា។

លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងឲ្យដឹងថា ការចិញ្ចឹមដង្កូវនាងមិនត្រូវការដើមទុនធំ ក្នុងការវិនិយោគនោះឡើយ គឺអាចវិនិយោគជាលក្ខខណៈគ្រួសារតូចៗបាន ដោយប្រើប្រាស់បច្ចេកទេសសាមញ្ញៗ ក្នុងការទាយយកខ្សែអំបោះ ហើយការវិនិយោគនេះនឹងមានទីផ្សារល្អ ព្រោះការចិញ្ចឹមដង្កូវនាងមានភាពងាយស្រួល ជាការងារស្រាលៗដោយស្រ្ដី ឬកូនក្មេងអាចធ្វើបាន។ ចំពោះការកែច្នៃប្រជាពលរដ្ឋ អាចយកសរសៃអំបោះចេញពីដង្កូវនាង កែច្នៃធ្វើជាកន្សែងរុំក ឬរបស់ផ្សេងទៀតលក់ទៅកាន់អតិថិជនរស់ក្នុងប្រទេសត្រជាក់។

ការវិនិយោគនេះមិនត្រូវការទុនច្រើន ព្រោះការចិញ្ចឹមមានភាពងាយស្រួល ដោយឡែកបានផ្ដល់ផលចំណេញពីរយ៉ាង សម្រាប់អ្នកដាំដំឡូងមី ដោយមានចំណូលមកពីដំឡូងមីផង និងមិនចំណាយអាហារសម្រាប់ចិញ្ចឹមដង្កូវនាង តែទទួលបានប្រយោជន៍ពីដង្កូវមកវិញ នេះជាការផ្នែកមួយនៃការរកចំណូលបន្ថែម ដោយអាចឲ្យស្រ្ដីមេផ្ទះ ប្រកបរបរនេះនៅផ្ទះបាន ដោយមិនបាច់ចំណាក់ស្រុក ឬមកភ្នំពេញធ្វើការរកចំណូលឡើយ នេះជារឿងល្អប្រសើរមួយទៀត ក្នុងការធ្វើឲ្យសកម្មភាពតាមជនបទខ្លាំងឡើងវិញ តាមការផលិតផលិតផលផ្សេងៗនៃដង្កូវនាងនេះ។

លោកបណ្ឌិតបញ្ជាក់ថា «មជ្ឈមណ្ឌលសូត្រខ្មែរ នឹងនាំយកការបង្ហាត់បង្រៀន បច្ចេកទេសថ្មីៗ ជូនដល់ពលរដ្ឋតាមជនបទ រកទីផ្សារជូនពួកគាត់ ចំពោះទីផ្សារយើងមាន ដោយសារតែកន្លងមក មជ្ឈមណ្ឌលបានធ្វើកិច្ចការងារនេះជាហូរហែល។ សម្រាប់ពូជដង្កូវនាងថ្មីឈ្មោះថា Eri Silk នឹងប្រគល់ជូនកសិករក្នុងខេត្តមណ្ឌលគីរីចំនួន ១០គ្រួសារដំបូងគេ ក្នុងការសាកល្បង ហើយបើដំណើរការល្អប្រសើរ មជ្ឈមណ្ឌលសូត្រខ្មែរនឹងបន្ដចែកចាយ ទៅតាមកន្លែងផ្សេងៗទៀត»

លោកបណ្ឌិតបន្ថែមថា «សូត្រប្រភេទថ្មីនេះ មិនតម្រូវឲ្យអ្នកកាន់ព្រះពុទ្ធសាសនាសម្លាប់សត្វនោះទេ ដោយកសិករអាចប្រើដៃបេះសរសៃអំបោះយ៉ាង ដោយមិនចាំបាច់ស្ងោរហើយប្រើឧបករណ៍រវៃដូចមុនឡើយ»

លោកកល្យាណបន្ថែថា ចំពោះទីផ្សារនៃការលក់វិញ គឺមជ្ឈមណ្ឌលសូត្រខ្មែរនឹងលក់ទាំងអស់ ប្រសិនអតិថិជនមានតម្រូវការ មានន័យថា ប្រសិនបើអាចផលិតផលិផលសម្រេចដូចជា កន្សែងបង់ក យើងក៏លក់បាន ជាសូត្រដែលមិនទាន់កែច្នៃក៏លក់។

ដង្កូវនាងនេះក៏ជាប្រភេទអាហារ ដែលនិយមហៅថា ឌុកឌឿ ជាអាហារមានអត្ថប្រយោជន៍ និងជួយបន្ថយការបំផ្លាញបរិស្ថាន តាមរយៈការចិញ្ចឹមមានភាពងាយស្រួល មិនដូចជាការចិញ្ចឹមសត្វធំៗនោះឡើយ៕