(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានអនុម័តកម្ចីដល់អាជីវកម្ម ស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៦ ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៣.៤៦ លានដុល្លារអាមេរិក ឬស្មើនឹង ៣៥.៦៤% នៃគម្រោងថវិកាសរុប ១៥០លានដុល្លារអាមេរិក។
ធនាគារ SME បានឱ្យដឹងថា ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។
លោក លឹម អូន អគ្គនាយកធនាគារ SME បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែឧសភានេះថា មកទល់បច្ចុប្បន្ននេះ ការផ្តល់ឥណទានដល់អាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ ហាក់មានភាពយឺតយ៉ាវជាងការរំពឹង ខណៈគម្រោងនេះបានដាក់ឱ្យអនុវត្តអស់រយៈពេលជិត ១ឆ្នាំហើយ។
លោកបញ្ជាក់ថា មូលហេតុដែលនាំឱ្យការផ្តល់ឥណទាននេះ មានភាពយឺតយ៉ាវជាងការរំពឹងទុក អាចបណ្តាលមកពីអាជីវករ នៅក្នុងវិស័យទេសចរណ៍ នៅមានភាពស្ទាក់ស្ទើរច្រើន ក្នុងការបោះទុនបន្ថែម ដើម្បីស្តារ និងពង្រីកអាជីវកម្មរបស់ខ្លួនឡើងវិញ ដោយសារពួកគេមើលឃើញថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ មិនទាន់មានភាពប្រាកដប្រជា ព្រោះបច្ចុប្បន្ននេះសន្ទុះនៃការងើបឡើង នៃវិស័យនេះនៅកម្ពុជា គឺមានតែទេសចរក្នុងស្រុកប៉ុណ្ណោះ ដែលមិនទាន់មានឥទ្ធិពលខ្លាំងទៅលើការរីកចម្រើននៃវិស័យទេសចរខ្លាំងនោះទេ។
លោកបន្តថា កត្តាមួយទៀត គឺមកពីគ្រឹះស្ថានធនាគារដែលបច្ចុប្បន្ននេះ បាននិងកំពុងជួបបញ្ហាកើនឡើងនៃថ្លៃដើម ដែលធ្វើឱ្យការផ្តល់ឥណទានមានភាពតឹងតែង និងម៉ត់ហ្មត់ជាងមុន។ ទន្ទឹមគ្នាការដួលរលំនៃធនាគារ នៅសហរដ្ឋអាមេរិក ក៏បានជះឥទ្ធិពលមកដល់អារម្មណ៍ធនាគារមួយចំនួន នៅកម្ពុជាផងដែរ ដូច្នេះហើយទើបបណ្តាលឱ្យធនាគារធំៗមួយចំនួននៅកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការផ្តល់ឥណទាន ជាពិសេសទៅលើវិស័យដែលរងហានិភ័យខ្ពស់។
សូមជម្រាបថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍ តែមួយប៉ុណ្ណោះ ដោយបានចាប់ផ្តើមអនុវត្តផ្តល់កម្ចី ដល់អាជីវកម្ម ស្ថិតក្នុងវិស័យទេសចរណ៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ ម្ចាស់អាជីវកម្មក្នុងវិស័យនេះ អាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម រហូតដល់ទំហំទឹកប្រាក់ ៤០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦.៥% និងមានរយៈពេលរហូត៧ឆ្នាំ៕