(ភ្នំពេញ)៖ គិតត្រឹមខែធ្នូឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុ បានផ្តល់ឥណទាន សរុបចំនួន ១៩៥ ៤៣៩ ២៣៤ លានរៀល ឬប្រមាណជាង៤៧ពាន់លានដុល្លារ ដល់ប្រជាជនចំនួន ៤.៨លាននាក់ នៅក្នុង២៥រាជធានីខេត្ត។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ ហៅកាត់ថា CBC។

បើតាម CBC រាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ កណ្តាល សៀមរាប និងបន្ទាយមានជ័យ បានផ្តល់ឥណទានជិត ៦០%នៃសមតុល្យឥណទានសរុប។ ក្នុងនោះរាជធានីភ្នំពេញ មានបរិមាណឥណទានច្រើនជាងគេចំនួន ជាង៨១ទ្រីលានរៀល ស្មើនឹង ៤២%នៃឥណទានសរុបទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន៦១.៧ម៉ឺននាក់។ បន្ទាប់មក គឺខេត្តកណ្តាលមានបរិមាណឥណទានសរុបជាង ១១​ទ្រីលានរៀល ឬស្មើនឹង៥.៩% និងមានអ្នកខ្ចីសរុបចំនួន ៣៧.៤ម៉ឺននាក់។ ខេត្តសៀមរាប គឺជាខេត្ត​បន្ទាប់ដែលមានបរិមាណខ្ពស់លំដាប់ទី៣ គឺប្រមាណជាង ១០ទ្រីលានរៀល ស្មើនឹង៥.៣% និងមានអ្នកខ្ចីចំនួន៣១.៦ម៉ឺននាក់។

ចំណែកខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៤ ក្នុងបរិមាណជាង ១០ទ្រីលានរៀល ស្មើនឹង៥.១% និងមានអ្នកខ្ចីចំនួន ២១.៨ម៉ឺននាក់។ ដោយឡែក​ខេត្តដែលមានបរិមាណឥណទានទាប នៅឡើយក្រោម១ពាន់លានរៀល មានដូចជាខេត្តមណ្ឌលគិរី ប៉ៃលិន និងកែប។

CBC បានឱ្យដឹងផងដែរ ​៧៦% នៃអតិថិជនទូទាំងប្រទេសបានខ្ចីប្រាក់ពី១ស្ថាប័នប៉ុណ្ណោះ និងប្រហែល១៩%នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់ ២ស្ថាប័ន ហើយ៥% ខ្ចីប្រាក់ពី៣ស្ថាប័ន។ ស្វាយរៀង ព្រះសីហនុ និងរាជធានីភ្នំពេញ មានអត្រាអ្នកខ្ចីប្រាក់តែពី១ស្ថាប័នខ្ពស់ជាងគេលើសពី ៨០% ដែលជាអត្រាល្អមួយ។

សម្រាប់ការប៉ាន់ស្មានទំហំទីផ្សារវិញ គិតត្រឹមចុងឆ្នាំ ២០២២ អត្រានៃការប្រើប្រាស់ឥណទានជាមធ្យមនៅក្នុងខេត្តនីមួយៗមានប្រមាណ ៤៧% បើធៀបនឹងប្រជាជនសរុបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ខេត្តដែលមានអត្រានៃការប្រើប្រាស់ឥណទានច្រើនជាងគេ គឺរាជធានីភ្នំពេញប្រមាណ៦៣%​ ព្រះវិហារ ៦២% កំពង់ស្ពឺ ៦១% ប៉ៃលិន ៥៨% មណ្ឌលគិរី ៥៧% ឧត្តរមានជ័យ៥៧%។ ចំណែកខេត្តដែលប្រើប្រាស់ឥណទានទាបជាងគេក្រោម ៤០% គឺខេត្តត្បូងឃ្មុំ និងបាត់ដំបង។

ចំពោះគុណភាពឥណទានវិញ គិតត្រឹមចុងឆ្នាំ២០២២ ចំពោះការសងត្រឡប់យឺតលើសពី ៩០ថ្ងៃមានចំនួន២.២%ប៉ុណ្ណោះ។ ខេត្តដែលមានអត្រាសងត្រឡប់យឺតលើសពី ៩០ថ្ងៃទាបជាងគេ គឺតាកែវ កែប ព្រៃវែង ស្វាយរៀង ស្ទឹងត្រែង និងកំពត៕