(បាងកក)៖ តម្លៃមាសកាលពីថ្ងៃចន្ទ បានស្ទុះងើបឡើងវិញ និងអាចបន្តកើនឡើង ខណៈដែលភាគហ៊ុនអាស៊ីបានកើនឡើង ស្របពេលវិនិយោគិន បានរង់ចាំការចេញផ្សាយទិន្នន័យអតិផរណា របស់សហរដ្ឋអាមេរិក ដែលអាចមានឥទ្ធិពល លើគោលជំហរគោលនយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលអាមេរិក។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា បន្ទាប់ពីការជួញដូរក្នុងកម្រិតខ្ពស់បំផុតក្នុងតម្លៃ ២ ០៧៨ដុល្លារក្នុងមួយអោន កាលពីសប្តាហ៍មុន មាសបានធ្លាក់ចុះថ្លៃនាពេលក្រោយមកនៅក្នុងសប្តាហ៍ដដែល បន្ទាប់ពីមានការចេញផ្សាយទិន្នន័យការងារមិនមែនក្នុងវិស័យកសិកម្ម របស់សហរដ្ឋអាមេរិក។ ប៉ុន្តែតម្លៃបានកើនឡើងមកវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រាក់ដុល្លារបានធ្លាក់ថ្លៃ ដោយកើនដល់ខ្ពស់ជាង ២ ០២០ដុល្លារក្នុងមួយអោននៅរសៀល។ តម្លៃមាសក្នុងកិច្ចសន្យាអនាគត នៅសហរដ្ឋអាមេរិកក៏បានកើនឡើង ០.២% ផងដែរដល់ ២០២៩.៣ដុល្លារក្នុងមួយអោន។
លោក Jitti Tangsithpakdi ប្រធានសមាគមពាណិជ្ជករមាសថៃ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា តម្លៃមាសក្នុងប្រទេសថៃក៏ឡើងថ្លៃ ១៥០បាតដែរ ខណៈតម្លៃនៅអន្តរជាតិបានឡើងថ្លៃ ៥ដុល្លារក្នុងមួយអោន ហើយប្រាក់ដុល្លារបានធ្លាក់ថ្លៃ។
លោកមានប្រសាសន៍ថា «តម្លៃមាសមាននិន្នាការប្រែប្រួលបន្តិច ក្នុងរយៈពេលខ្លីក្នុងគ្រាដែលមានការព្រួយបារម្ភ អំពីបញ្ហានៅក្នុងឧស្សាហកម្មធនាគារនៅសហរដ្ឋអាមេរិក»។
លោកបានបន្ថែមថា តម្លៃមាសត្រូវបានព្យាករថានឹងប្រែប្រួលក្នុងចន្លោះពី ១ ៩៩០ ទៅ ២ ០២៥ដុល្លារក្នុងមួយអោន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ទន្ទឹមនឹងនេះដែរ ផ្សារហ៊ុនថៃបានកើនឡើងដូចទៅនឹងផ្សារហ៊ុនក្នុងតំបន់ដែរ ដោយសន្ទស្សន៍ SET កើនឡើង ១,៨៩% ដល់ ១ ៥៦២,២៥ពិន្ទុ។ សន្ទស្សន៍ហ៊ុនផ្សារហ៊ុន Hang Seng របស់ហុងកុងបានកើនឡើង ០,៨% ខណៈពេលដែលនៅក្នុងប្រទេសចិនវិញ សន្ទស្សន៍ផ្សារហ៊ុន CSI 300 របស់ទីក្រុងស៊ាងហៃ និងក្រុងហ្សិនចិន បានកើនឡើងប្រហែល ១%៕