(ភ្នំពេញ)៖ យោងតាមហាងឆេងមាស នៅតាមហាងមួយចំនួនរាជធានីភ្នំពេញ តម្លៃមាសនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានហក់ឡើងរហូតដល់ ២៤២ដុល្លារក្នុងមួយជី ឬ២៤២០ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់មួយមិនធ្លាប់មានកាលពីមុនមក។
ម្ចាស់ហាងមាសពេជ្រ ទី មង្គល នៅផ្សារស្ទឹងមានជ័យប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា តម្លៃជាង២៤០ដុល្លារក្នុងមួយជី គឺជាតម្លៃមួយដែលខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
លោកកត់សម្គាល់ថា តម្លៃមាសបានចាប់ផ្តើមកើនឡើងរហូតដល់ជាង ២៤០ដុល្លារក្នុងមួយជី ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ខណៈនៅថ្ងៃទី៥ ខែឧសភា បានកើនឡើងរហូតដល់ ២៤៣ដុល្លារក្នុងមួយជី។
លោកបានឱ្យដឹងថា បើទោះបីជាតម្លៃមាសហក់ឡើងខ្ពស់យ៉ាងនេះក្តី សម្រាប់ហាងរបស់លោកនៅមានតែអ្នកមកទិញមាសដដែល និងមានអ្នកយកមកលក់តិចតួច ខុសកាលពីតម្លៃមាសឡើងដំបូងៗ ពីជាង២២០ ដល់ ២៣០ដុល្លារក្នុងមួយជី មានអ្នកយកមាសមកលក់សម្រុកខ្លាំង។
តែយ៉ាងនេះក្តីម្ចាស់ហាងមាសរូបនេះ បានបង្ហាញការព្រួយបារម្ភ ចំពោះការហក់ឡើងមិនធ្លាប់មាននៃតម្លៃមាសនាពេលបច្ចុប្បន្ន ដែលអាចធ្វើឱ្យសេដ្ឋកិច្ចនៅលើពិភពលោកមានភាពរង្គោះរង្គើ ការធ្លាក់ចុះនៃប្រាក់ដុល្លារ និងការកើនឡើងនៃអតិផរណាដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក និងកម្ពុជា។
លោកលើកឡើងថា «វាអាចឈានទៅរកការដែលប្រជាពលរដ្ឋទិញមាសទុក ហើយបោះបង់លុយចោល ដែលធ្វើឱ្យអតិផរណាពិភពលោកកើនឡើងខ្ពស់ ធ្វើឱ្យសេដ្ឋកិច្ចអាចគាំងក៏បានថា ព្រោះវាមិនដែលធ្លាប់មាន គ្រាន់តែថា ឥឡូវនេះវាមិនឃើញមានបញ្ហាអីខ្លាំងទេ»។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា តម្លៃទីផ្សារហាងឆេងមាសនៅលើទីផ្សារអន្តជាតិ បានចាប់ផ្តើមកើនឡើងខ្លាំង ចាប់តាំងពីខែមេសា រហូតមកដល់ដើមខែឧសភា ឆ្នាំ២០២៣នេះ។ កត្តាដែលជះឥទ្ធិពលដល់ការហក់ឡើងនៃតម្លៃមាសនេះ ដោយសារបញ្ហាអត្រាការប្រាក់ដុល្លារអាមេរិក ការដួលរលំនៃធនាគារមួយចំនួន នៅសហរដ្ឋអាមេរិក ប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ ដែលបានជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ។
ជាមួយគ្នានេះ បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាការយល់ឃើញរបស់វិនិយោគិនមួយចំនួនថា នៅពេលខាងមុខ អត្រាការប្រាក់ដុល្លារអាមេរិកនឹងមិនដំឡើងទៀតទេ ព្រោះបច្ចុប្បន្ននេះ តម្លៃលុយដុល្លារកើនឡើងខ្ពស់ហើយ។ កត្តានេះសុទ្ធតែបានរុញច្រាន ឱ្យតម្លៃមាសកាន់តែកើនឡើង បើទោះបីជាកាលពីពេលថ្មីនេះៗ ធនាគារកណ្តាលរបស់អាមេរិក បានតម្លើងអត្រាការប្រាក់ ០.២៥ទៀតក៏ដោយ ប៉ុន្តែតម្លៃហាងឆេងមាស មិនមានការប្រែប្រួលនោះទេ។
លោកលើកឡើងបន្ថែមថា «ពាក់ព័ន្ធនឹងតម្លៃហាងឆេងមាសនេះ ខ្ញុំនៅតែវិភាគឃើញថា តម្លៃមាសនៅតែមានការកើនឡើងបន្តទៀត ដោយសារតែមូលហេតុថាលុយដុល្លារ ថ្លៃខ្ពស់ហើយបានន័យថា ឥឡូវនេះអត្រាការប្រាក់របស់ធនាគារកណ្តាលគឺ ៥.២៥%គឺខ្ពស់មែនទែន។ អ៊ីចឹងនៅខែក្រោយធនាគារកណ្តាល អាចនឹងរក្សាអត្រាការប្រាក់នេះទុកដដែល ខ្ញុំជឿជាក់ថា មិនអាចដំឡើងទៀតបាននោះទេ ប្រសិនបើដំឡើងទៀតសហរដ្ឋអាមេរិក នឹងបាត់បង់នូវវិនិយោគិនទាំងក្នុងស្រុក និងវិនិយោគិនពីក្រៅស្រុកទៅសហរដ្ឋអាមេរិក។ ប្រសិនអត្រាការប្រាក់ ៥.២៥% វាអាចរក្សាលំនឹងអត្រាអតិផរណានៅដដែល ឬក៏ថយចុះបន្តិចបន្តួច ខ្ញុំជឿជាក់ថាធនាគារកណ្តាលអាមរិក នឹងមិនដំឡើងទៀតទេ ព្រោះចង់រក្សានូវអ្នកវិនិយោគ ច្រើនជាងការរក្សាអត្រាការប្រាក់»។
បើតាមអ្នកតាមដានតម្លៃមាស នៅលើទីផ្សារអន្តរជាតិរូបនេះ បច្ចុប្បន្ននេះ តម្លៃមាសនៅលើទីផ្សារអន្តរជា មានតម្លៃ ២០២៤ដុល្លារក្នុងមួយអោន ឬប្រហាក់ប្រហែល ២៤៣៨ដុល្លារក្នុងមួយតម្លឹង។
ស្របពេលដែលតម្លៃមាសហក់ឡើងជាមួយបន្តបន្ទាប់នេះ ក្នុងរយៈពេល៥ខែចុងក្រោយនេះ ប្រទេសចិនបានបង្កើនការប្រមូលទិញមាស យកមករក្សាទុកនៅក្នុងឃ្លាំង ដែលធ្វើឱ្យស្ដុកមាសក្នុងប្រទេសនេះកើនដល់ជាង២ពាន់តោន។
យោងតាមការចុះផ្សាររបស់សារព័ត៌មានរ៉យទ័រ ធនាគារកណ្តាលចិន បានទិញមាសក្នុងបរិមាណដ៏ច្រើនមកទុកកាលពីឆ្នាំមុន ដើម្បីធ្វើពិពិធកម្មទ្រព្យសកម្ម ក៏ដូចជាការការពារទុនបម្រុងពីផលប៉ះពាល់បង្កឡើង ដោយការធ្លាក់ចុះនៃប្រាក់ដុល្លារ និងអតិផរណាខ្ពស់អូសបន្លាយ។
ជាមួយគ្នានេះ នៅក្នុងខែមេសា ចិនបានទិញមាសបន្ថែមចំនួនជាង៨តោន រក្សាទុកនៅក្នុងឃ្លាំងរបស់ខ្លួន ដែលធ្វើឲ្យបរិមាណមាសបម្រុងរបស់ចិនឡើងដល់ ២ ០៧៦ តោន។ មកដល់ចុងខែមេសា តម្លៃសរុបនៃមាសបម្រុងរបស់ប្រទេសចិន បានកើនឡើងដល់ ១៣២.៣៥ ប៊ីលានដុល្លារ៕