(ភ្នំពេញ)៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ការចាប់ផ្ដើមដំណើរការសាងសង់ឡើង នូវអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ នឹងជំរុញឱ្យវិស័យអចលនទ្រព្យក្នុងខេត្តនេះល្អប្រសើរឡើងវិញ ទាក់ទាញការវិនិយោគិន ព្រមទាំងជំរុញឱ្យតម្លៃអចលនទ្រព្យនៅខេត្តជាប់សមុទ្រនេះកម្រើកឡើងវិញផងដែរ។

សំណង់អគារជាប់គាំងនៅខេត្តព្រះសីហនុជិត៤ឆ្នាំមកនេះ បានចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញជាបន្តបន្ទាប់ ហើយរហូត​មកដល់ពេលនេះមាន ១០០អគារហើយ បាននិងកំពុងចាប់ផ្ដើមសាងសង់ និងជួសជុលឡើងវិញ។​

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា បច្ចុប្បន្ននេះនៅខេត្តព្រះសីហនុ បច្ចុប្បន្ននេះ​មានអគារខ្ពស់ៗ ​ចំនួន១០០៦អគារ ក្នុងនោះមាន ៤០០អគារបានបញ្ចប់ និងមានប្រតិបត្តិការ ​ខណៈ២០០អគារទៀតដែលបានបញ្ចប់សាងសង់​ហើយដែរ តែមិនទាន់​ដំណើរការប្រតិបត្តិការនោះទេ។ ជាមួយគ្នានេះ ប្រមាណជាង ២០០អគារផ្សេងទៀត ត្រូវបានផ្អាកដំណើរការ ប៉ុន្តែក្នុងចំណោម​នោះ មានជាងអគារ ១០០​ បាននិងកំពុងចាប់ផ្ដើមដំណើរការសាងសង់ និងជួសជុលឡើងវិញ ។

បើតាមលោកគួច ចំរើន ចាប់តាំងពីឆ្នាំ២០១៩នោះ​ សំណង់អគារមួយចំនួន ត្រូវបានជាប់គាំង​​ដោយសា​រការមានទំនាស់ រវាងអ្នកសាងសង់ ម្ចាស់អគារ និងម្ចាស់ដី ​បញ្ហាការផ្គត់ផ្គង់សម្ភារៈសំណង់ ​និងការមិនផ្ដល់ប្រាក់ឈ្នួលដីទៅម្ចាស់ដីជាដើម។

អភិបាលខេត្តព្រះសីហនុបានឱ្យដឹងបន្តថា ដើម្បីជំរុញឱ្យអគារជាប់គាំងទាំងនោះ មានប្រតិបត្តិការ និងដំណើរការសាងសង់ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារមួយ ​ស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​ ស្រាវជ្រាវនិងសិក្សាពីគម្រោងអគារជាប់គាំងទាំងនោះ ហើយក៏បានស្នើសុំគោលការទៅសម្ដេចតេជោ ហ៊ុន សែន ផ្ដល់នូវភាពអនុគ្រោះកិច្ចការមួយចំនួន ដើម្បីគាំទ្រទៅ បណ្ដាសំណង់អគារជាប់គាំងទាំងអស់ ដើម្បីឱ្យពួកគាត់មានលទ្ធភាព បន្តការវិនិយោគលើការសាងសង់អគារទាំងនោះ។​

លោកបន្តថា គោលនយោបាយ នៃការអនុគ្រោះទាំងអស់ភាគច្រើនទៅលើផ្នែកពន្ធ និងផ្ដល់ជូនទៅតាមផ្នែកនីមួយៗ ដោយផ្នែកខ្លះមាន៥ឆ្នាំ ផ្នែកទៀតមាន១០ឆ្នាំ​។ ​ចំណុចសំខាន់មួយទៀតនៃគោលនយោបាយរបសរាជរដ្ឋាភិបាលនោះ គឺការសម្របសម្រួល និងគាំទ្រផ្នែកច្បាប់  ដោយយើងផ្តល់នូវយន្តការដល់គាត់ និងលើកទឹកចិត្តឱ្យមានការសម្របសម្រួលក្រៅប្រព័ន្ធតុលាការច្រើនជាង។ យើងសុខចិត្ត ដោយរដ្ឋាភិបាលបានផ្ដល់ជាមេធាវី និងអ្នកប្រឹក្សាយោបល់ ធ្វើយ៉ាងណាឱ្យវិនិយោគិន លើអគារទាំងនោះចូលមកបញ្ចប់អគាររបស់ខ្លួន ដែលបានជាប់គាំងទាំងនោះ។

នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ លំហូរអ្នកវិនិយោគិនបរទេស បានសម្រុកមកវិនិយោគក្នុងខេត្តព្រះសីហនុយ៉ាងសន្ធឹកសន្ទាប់ ក្រោមវត្តមានសាងសង់អគារធំៗ ជាពិសេសលើផ្នែក សណ្ឋាគារ និងកាស៊ីណូជាដើម ដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅក្នុងខេត្តនេះ បានកើនឡើងយ៉ាងគំហុក។ ប៉ុន្តែចាប់តាំងពីចុងឆ្នាំ​២០១៩​មក​ ដោយសា​របញ្ហាបិទហ្គេមអនឡាញ ការរីករាលដាលជំងឺកូវីដ១៩ និងបញ្ហាសាកល ដូចជាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន សំណង់អគារមួយចំនួនត្រូវបានជាប់គាំងផ្អាកសាងសង់​។

ជុំវិញការចាប់ផ្តើមសាងសង់ឡើងវិញ នៃអគារដែលបានជាប់គាំងនេះលោក ច្រឹក សុនីម អ្នកជំនាញអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន Century21 Mekong បានលើកឡើងថា នៅពេលគម្រោងអគារដែលធ្លាប់ជាប់គាំងទាំងអស់នេះ ត្រូវបានដោះស្រាយអាចនឹងទាក់ទាញវិនិយោគិន ឱ្យចាប់អារម្មណ៍លើវិស័យអចលទ្រព្យក្នុងខេត្តនេះឡើងវិញ។​

តែយ៉ាងណាលោកថា ក្នុងពេលបច្ចុប្បន្ននេះ តម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុ ហាក់មិនទាន់មានការប្រែប្រួលខ្លាំងនោះទេ ដោយសារតែយន្តការនៃការដោះស្រាយវិវាទនៃការជាប់គាំងអគារផ្អាកការសាងសង់ទើបតែមានរយៈពេលខ្លី ហេតុនេះវាត្រូវការពេលវេលា​មួយរយៈទៀតយ៉ាងហោចណាស់មួយឆ្នាំ ទើបអាចធ្វើឱ្យតម្លៃអចលនទ្រព្យនៅក្នុងខេត្តជាប់មាត់សមុទ្រនេះងើបឡើងវិញ។

លោកបន្តថា ប្រសិនបើអ្នកវិនិយោគិនចូលមក​បោះទុនវិនិយោគ តាមរយៈការបើកហាង ឬក្រុមហ៊ុនអាជីវកម្មផ្សេងៗ និងនៅពេលដែលទេសចរក្នុងស្រុកទៅកម្សាន្តនៅខេត្តនេះកាន់តែច្រើន ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង នាពេលអនាគតជាពិសេនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ អ្នកដំណើរចូលមកកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ ហេតុនេះជាសញ្ញាមួយដែលបង្ហាញអ្នកវិនិយោគជាពិសេសមកពីប្រទេស វិលត្រឡប់មកចាប់ផ្តើមអាជីវកម្មថ្មីបន្តិចម្តងៗ។

បើតាមអ្នកជំនាញរូបនេះបច្ចុប្បន្ននេះ តម្លៃអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ក្នុងតំបន់ទីប្រជុំជនមានតម្លៃចន្លោះពី៨០០ដុល្លារ ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅតាមផ្លូវក្នុងៗ តម្លៃចន្លោះពី៤០០ដុល្លារ ទៅ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃមួយសមរម្យក្នុងការអភិវឌ្ឍ ខណៈមុនពេលរីករាលដាលជំងឺកូវីដ១៩ តម្លៃដីនៅក្នុងខេត្តនេះ លើសតម្លៃបច្ចុប្បន្ននេះ២ដង។

ឧកញ៉ា សំ សុខនឿន ប្រធានសមាគម​អចលនទ្រព្យ​សកល បានប្រាប់​បណ្តាញព័ត៌មាន Fresh News ថា ការជាប់គាំង​នៃការសាងសង់អគារនៅខេត្តព្រះសីហនុ​ បានធ្វើ​ឱ្យប៉ះពាល់ដល់លំហូរវិនិយោគ នៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែប្រសិនបើបញ្ហានេះ ត្រូវបានដោះស្រាយ ហើយអគារទាំងនោះចាប់ផ្តើម​ដំណើរការ​សាងសង់ឡើងវិញជាបណ្តើរ នឹងជួយលុបកេរ្តិ៍ឈ្មោះមិនល្អ  និងជំរុញឱ្យវិស័យអចលទ្រព្យនៅខេត្តនេះកក្រើកឡើងវិញ​។ ​ជាមួយនេះក៏នឹងធ្វើឱ្យតម្លៃអចលនទ្រព្យងើបឡើងវិញ និងទាក់ទាញបាននូវលំហូរវិនិយោគផងដែរ៕