(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក (WB) កាលពីថ្ងៃពុធបានជ្រើសតាំងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Mastercard លោក Ajay Banga ឱ្យកាន់តំណែងជាប្រធានថ្មីដែលមានអាណត្តិប្រាំឆ្នាំ ដើម្បីកែទម្រង់ស្ថាប័នផ្តល់ប្រាក់កម្ចីនេះក្នុងការដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុ និងវិបត្តពិភពលោកផ្សេងទៀត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Banga អាយុ ៦៣ឆ្នាំដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុនិងអភិវឌ្ឍន៍មានដើមកំណើតឥណ្ឌា ត្រូវបានជ្រើសតាំងសម្រាប់បេក្ខភាពប្រធានធនាគារពិភពលោកដោយលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីចុងខែកុម្ភៈ ហើយជាគូប្រជែងតែម្នាក់គត់ដើម្បីជំនួសតំណែងប្រធានធនាគារពិភពលោកបច្ចុប្បន្នលោក David Malpass ដែលជាសេដ្ឋវិទូ និងជាអតីតមន្ត្រីរតនាគារសហរដ្ឋអាមេរិកដែលបានបម្រើការងារនៅក្នុងរដ្ឋាភិបាលលោក ដូណាល់ ត្រាំ។ លោក Banga នឹងចាប់ផ្តើមការងារថ្មីរបស់លោកនៅថ្ងៃទី២ ខែមិថុនា។

ការជ្រើសតាំងនេះបានធ្វើឡើងបន្ទាប់ពីសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកបានសម្ភាសន៍លោក Banga អស់រយៈពេលបួនម៉ោងកាលពីថ្ងៃចន្ទ។ ថ្ងៃធ្វើការចុងក្រោយរបស់លោក Malpass ប្រធានធនាគារពិភពលោកដែលស្ថិតក្នុងមុខតំណែងបច្ចុប្បន្នគឺនៅថ្ងៃទី១ ខែមិថុនា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលដឹងដំណើរការនេះថា ការសម្រេចចិត្តនេះបានធ្វើឡើងនៅក្នុងការបោះឆ្នោតមួយដែលធ្វើឡើងដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ២៤នាក់ ដោយប្រទេសរុស្ស៊ីបានបោះឆ្នោតអនុប្បវាទ។

លោកប្រធានាធីបតី Biden បានអបអរសាទរលោក Banga ក្នុងការទទួលបានមុខតំណែងគ្រប់គ្រងធនាគារពិភពលោកនេះ ដែលលោកបានពិពណ៌នាថាជា «ស្ថាប័នដ៏សំខាន់បំផុតមួយរបស់មនុស្សជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ និងពង្រីកវិបុលភាពនៅជុំវិញពិភពលោក»៕