(ភ្នំពេញ)៖ ផែនការក្នុងការនាំសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន កំពុងបង្ហាញសញ្ញាវិជ្ជមាន ខណៈកម្ពុជាបានរៀបចំឯកសារពាក់ព័ន្ធចុងក្រោយ ឆ្លើយតបទៅនឹងការស្នើរសុំពីភាគីចិនរួចរាល់ និងកំពុងរង់ចាំចម្លើយពីភាគីចិន។ នេះបើតាមលោកឧកញ៉ា ណាង សុធី ប្រធានសហព័ន្ធសំបុកត្រចៀកកាំកម្ពុជា។

លោកឧកញ៉ា ណាង សុធី បានបញ្ជាក់ថា នាសប្ដាហ៍មុនភាគីចិនបានឆ្លើយ និងបន្ថែមសំណួរចំនួន៦បន្ថែមទៀតដល់កម្ពុជា ដើម្បីឆ្លើយតបនឹងសំណួររបស់ភាគីចិន យើងក៏បានរៀបចំកិច្ចប្រជុំមួយរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហសហព័ន្ធសំបុកត្រចៀកកាំកម្ពុជា ដើម្បីលម្អិតសំណួរដែលត្រូវឆ្លើយ បានរៀបចំចម្លើយ ព្រមទាំងបានផ្ញើទៅកាន់ភាគីចិនរួចរាល់ផងដែរ។

លោកឧកញ៉ាបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលចិនយល់ព្រមអនុញ្ញាតឲ្យកម្ពុជា ការនាំចេញសំបុកត្រចៀកកាំដោយផ្ទាល់ នឹងធ្វើឲ្យសំបុកត្រចៀកកាំទាំងពីរប្រភេទ ទាំងសំបុកត្រចៀកកាំមិនទាន់សម្អាត និងសំបុកត្រចៀកកាំបានសម្អាត ទទួលបានតម្លៃខ្ពស់ ព្រោះការនាំចេញមិនបានឆ្លងកាត់ប្រទេសជិតខាង ការមិនឆ្លងកាត់នេះ ធ្វើឲ្យយើងរក្សាបានតម្លៃខ្ពស់ សំបុកត្រចៀកកាំមានទីផ្សារល្អ ជួយបង្កើនការងារដល់បងប្អូនកសិករ ព្រមទាំងមានការវិនិយោគ លើផ្ទះអភិរក្សត្រចៀកកាំ នៅកម្ពុជាកាន់តែច្រើនឡើងៗ។

លោកឧកញ៉ា ណាង សុធី បញ្ជាក់ទៀតថា បច្ចុប្បន្នការវិនិយោគលើវិស័យត្រចៀកកាំនេះ មានទូទាំងប្រទេសកម្ពុជា ក្នុងមួយខែយើងប្រមូលបានសំបុកត្រចៀកកាំ មានចន្លោះ ៣កន្លះទៅ៥តោន ដូច្នេះនៅពេលកម្ពុជា សម្រេចបានការនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ នឹងធ្វើឲ្យការផលិត​ និងនាំចេញសំបុកត្រចៀកកាំទាំងសម្អាតរួច និងមិនទាន់សម្អាតកាន់តែកើនឡើងច្រើន។

ត្រចៀកកាំជាប្រភេទផលិតផលអាទិភាពមួយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកជាទំនិញមានសក្ដានុពល ក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស។ តាមការប៉ាន់ស្មានការនាំចេញ ផលិតផលត្រចៀកកាំទៅកាន់ទីផ្សារអន្ដរជាតិ មានប្រមាណជា ១០០លានដុល្លារក្នុងមួយឆ្នាំៗ។

សូមជម្រាបថា រហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិនរួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ និងផ្លែមៀន ៕