(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់ពីវិធីសាស្រ្តងាយៗ ៥យ៉ាង ដើម្បីសម្គាល់ពីគម្រោងវិនិយោគ ដែលមានលក្ខណៈបោកប្រាស់ ឬគម្រោងវិនិយោគពិតប្រាកដ ដើម្បីជាការពិចារណាមុននឹងធ្វើការវិនិយោគ ខណៈបច្ចុប្បន្ននេះ នៅតែមានប្រជាពលរដ្ឋរងគ្រោះពីគម្រោងវិនិយោគបោកប្រាស់ទាំងនោះ។
លោក ហុង សុហួរ លើកឡើងពីសញ្ញាណទាំងនេះ ដោយលោកសង្កេតឃើញថា មកទល់បច្ចុប្បន្ន នៅតែមានប្រជាពលរដ្ឋ បាញ់បោកជនខិលខូចមួយចំនួន ដែលបានបង្កើតគម្រោងវិនិយោគនានា ក្នុងបំណងឆបោកប្រាក់ពីពលរដ្ឋ។ បើទោះបីជាជនខិលខូច ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានគម្រោងបោកប្រាស់ជាច្រើនបង្កើតឡើង ជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែងកាលពីថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារនៅខេត្តកំពត ត្រូវបានខាតបង់ប្រាក់អស់ជិត ៤០លានដុល្លារ បន្ទាប់ពីជឿជនឆបោក ហើយលង់ខ្លួនទៅខ្ចីលុយពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងលុយផ្ទាល់ខ្លួនទៅទិញដីឡូតិ៍របស់ឧកញ៉ា ជា សារ៉ន។
ដើម្បីជៀសវាងការចាញ់បោក ក្នុងគម្រោងវិនិយោគណាមួយលោក ហុង សុហួរ បានប្រាប់ពីគន្លឹះ៥ចំណុច ដើម្បីសម្គាល់ថា ជាគម្រោងវិនិយោគពិតប្រាកដ ឬក៏គម្រោងវិនិយោគបោកប្រាស់ ដើម្បីគំនិតក្នុងការសម្រេចចិត្តមុននឹងធ្វើការវិនិយោគ ទៅលើគម្រោងអ្វីមួយ៖
១៖ សន្យាចំណេញខ្ពស់
លោក ហុង សុហួរ បានពន្យល់ថា មុននឹងធ្វើការដាក់ទុនវិនិយោគ យើងត្រូវសម្គាល់មើលថា នៅពេលដែលបុគ្គលណាម្នាក់ មកណែនាំយើងពីគម្រោងវិនិយោគណាមួយ តើគេបាននិយាយធានា ពីប្រាក់ចំណេញខ្ពស់កម្រិតណា?
លោកបញ្ជាក់ថា បើគម្រោងវិនិយោគនោះ ទទួលបានប្រាក់ចំណេញកាន់តែខ្ពស់ នោះគឺជាគម្រោងដែលកាន់តែសង្ស័យ ព្រោះគម្រោងវិនិយោគពិតប្រាកដមិន អាចទទួលបានប្រាក់ចំណេញខ្ពស់ពេកនោះទេ។
២៖ ចំណេញទៀងទាត់ពេក
ចំណុចមួយទៀត ដែលត្រូវកត់សម្គាល់ដែរនោះ យើងត្រូវមើលថា តើបុគ្គលដែលមកណែនាំនោះ លើកឡើងពីការធានា ក្នុងទទួលបានផលចំណេញទៀតទាត់កម្រិតណា? ៣ថ្ងៃម្តង ១សប្តាហ៍ម្តង ១ខែម្តង ឬ៣ខែម្តង ដោយទទួលបានប្រាក់ចំណេញ៥% ១០% ឬ២០%។
លោក ហុង សុហួរ បញ្ជាក់ថា នេះក៏ជាគម្រោងដែលគួរឱ្យសង្ស័យផងដែរ ព្រោះគម្រោងដែលវិនិយោគពិតប្រាកដ មិនអាចទទួលបានប្រាក់ចំណេញទៀងទាត់ពេកនោះទេ។ គម្រោងវិនិយោគពិតប្រាកដ ពេលខ្លះអាចឆាប់ទទួលបានការចំណេញ ពេលខ្លះមិនងាយចំណេញ ហើយជួនកាលខាតក៏មានដែរ។
៣៖ រូបមន្តសម្ងាត់
លោក ហុង សុហួរ បានឱ្យដឹងផងដែរថា ចំណុចនេះក៏ត្រូវមើលដែរថា តើបុគ្គលិកដែលមកណែនាំពីគម្រោងវិនិយោគអ្វីមួយ គេបានពន្យល់យើងដែរឬទេ ពីវិធីក្នុងការទទួលបានប្រាក់ចំណេញ។ ប្រសិនបើគេមានភាពលាក់បាំង ដោយលើកឡើងថា នេះជាការសម្ងាត់ ឬការពន្យល់របស់គេមានភាពរញ៉េរញ៉ៃ យើងស្តាប់មិនយល់ នេះក៏ជាសញ្ញាណនៃការបោកប្រាស់មួយដែរ។
៤៖ ពិបាកទទួលឯកសារផ្លូវការ
មុននឹងសម្រេចចិត្តវិនិយោគ អ្នកគប្បីត្រូវគិតពិចារណាឱ្យបានច្បាស់លាស់ ពីឯកសារផ្លូវការ ឬរបាយការណ៍ហិរញ្ញវត្ថុ។ យើងត្រូវមើលថា តើមានភាពងាយស្រួលកម្រិតណា ក្នុងការត្រួតពិនិត្យឯកសារ ដែលពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ បើពិបាកក្នុងការស្នើសុំឯកសារផ្សេងៗ នោះក៏អាចជាគម្រោងដែលគួរឱ្យសង្ស័យផងដែរ។
៥៖ ពិបាកដកលុយ
លោក ហុង សុហួរ បានពន្យល់បន្ថែមថា យើងក៏ត្រូវពិនិត្យដែរថា តើមានភាពងាយស្រួលកម្រិតណា ក្នុងការដកសាច់ប្រាក់មកវិញ អាចជាប្រាក់ដើម ឬក៏ជាប្រាក់ចំណេញ? បើគេមានលេសច្រើន នៅពេលដែលយើងចង់ដកសាច់ប្រាក់ នោះក៏ជាសញ្ញាណនៃការប្រោកប្រាស់ផងដែរ៕