(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រយៈពេល៣ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានចំនួន ៥ ៤៤២ ប៊ីលានរៀល (ប្រមាណជា ១ ៣៤៣.៩០លានដុល្លារ) ស្មើនឹង ៣៧.៦៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៣២៦.៩៧ ប៊ីលានរៀល (ប្រមាណជា ៨០.៧៣ លានដុល្លារ) ស្មើនឹង ៦.៣៩%។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រី គង់ វិបុល ធ្វើឡើងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។
លោក គង់ វិបុល បញ្ជាក់ថា ចំណូលពន្ធប្រចាំខែមីនា ឆ្នាំ២០២៣ និងជារួមសម្រាប់រយៈពេល ៣ខែដើមឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ដោយសារតែ ជារៀងរាល់ឆ្នាំ ខែមករា ដល់ខែមីនា គឺជារដូវកាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថា រកបានចំណេញ ឬខាតរបស់សហគ្រាសនាឆ្នាំកន្លងមក។
លោកបន្តថា ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ បានទទួលនូវលទ្ធផលល្អប្រសើរ ដោយសារ ប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing មានភាពរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)។
លោកបន្តថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល របស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) សំដៅធានាបាននូវតម្លាភាព និងការប្រកួត ប្រជែងស្មើភាព ហើយដើម្បីធានាបាននូវនិរន្តរភាពនៃវិធានការនេះ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរៀបចំយន្តការចុះត្រួតពិនិត្យជាក់ស្តែងតាមដាន និងធ្វើការថែទាំឧបករណ៍ និងបណ្តាញដែលបានរៀបចំតាមរោងចក្រ។
លោករដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) បានចូលរួមជំរុញឱ្យសហគ្រាសទាំងឡាយកែលម្អនូវការ ប្រកាសនិងបង់ប្រាក់ពន្ធរបស់ខ្លួន ដោយជាក់ស្តែងកម្មវិធីនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។
លោកសូមអរគុណដល់សាធារណជន ក៏ដូចជាមន្ត្រីពន្ធដារផ្ទាល់ ដែលបានចូលរួម និងគាំទ្រដល់កម្មវិធីវិក្កយបត្រនាំ សំណាង (GDT Lucky Draw) ហើយសូមលើកទឹកចិត្តឱ្យចូលរួមបន្តទៀត ដើម្បីពង្រឹងអនុលោមភាពសារពើពន្ធ និងមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពីអគ្គនាយកដ្ឋានពន្ធដារ។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៣ ការប្រមូលបំណុលពន្ធមានការថមថយ ធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ហើយជួបប្រទះបញ្ហាប្រឈម ដោយសារមានសហគ្រាសខ្លះ បាននិងបន្តយកលេសពីស្ថានភាពនៃភាពមិនប្រាកដប្រជា និងការប្រែប្រួលនូវបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេល ឬគេចវេះពីការបង់បំណុលពន្ធ។ ទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាត ឱ្យបង់ជាដំណាក់កាល ក៏មានការយឺតយ៉ាវ ក្នុងការបង់បំណុលពន្ធ និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាមកាលកំណត់ផងដែរ។
លោកបានបន្ថែមថា ពាក់ព័ន្ធនឹងការងារចុះបញ្ជីសហគ្រាស បានកត់សម្គាល់ឃើញថា មានសហគ្រាសខ្លះបានចុះបញ្ជីជោគជ័យ ក៏ប៉ុន្តែត្រឹមមួយរយៈពេលខ្លីបានបាត់ខ្លួន ពីទីតាំងស្នើសុំចុះបញ្ជី ដែលនេះ អាចជាករណីផ្លាស់ប្តូរទីតាំង ដោយមិនមានការជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារ ឬអាចជាករណីឈានទៅគេចវេះពន្ធ និង/ឬបង្កើតបណ្តាញនៃការ គេចវេះពន្ធជាលក្ខណៈប្រព័ន្ធ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារ គាំទ្រនិងជំរុញឱ្យសាខាពន្ធដារខេត្ត-ខណ្ឌ ដែលជាអង្គភាពគ្រប់គ្រងតាមដានការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធឱ្យបានគ្រប់ជ្រុងជ្រោយ។
លោក គង់ វិបុល បានជំរុញឲ្យបន្តអនុវត្តវិធានការដូចភ្លៀងរលឹម ចំពោះក្លឹបកម្សាន្តធំៗមួយចំនួន ដែលមិនបានចុះបញ្ជីពន្ធដារ ឬចុះបញ្ជីមិនបាន ត្រឹមត្រូវតាមកម្រិតផលរបរ និងរំលឹកឱ្យម្ចាស់អាជីវកម្ម ដែលមិនទាន់បានចុះបញ្ជីពន្ធដារ ឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងសហគ្រាសដែលបានចុះបញ្ជីរួចរាល់ មកធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស (ប្រសិនបើមាន) ចៀសវាងនូវការផាកពិន័យ ទោសទណ្ឌនានា៕