(វ៉ាស៊ីនតោន)៖ អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចពិភពលោកបានបង្ហាញឱ្យឃើញពីភាពធន់ទៅនឹងបញ្ហាជាច្រើន ប៉ុន្តែមិនទាន់អាចជម្នះបានលើបញ្ហាកំណើនសេដ្ឋកិច្ចទន់ខ្សោយ និងភាពនៅទ្រឹងនៃអតិផរណានៅឡើយទេ។
លោកស្រី Georgieva ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯកិច្ចប្រជុំរបស់មូលនិធិ IMF និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះថា ការព្យាកររបស់មូលនិធិ IMF ថាមានកំណើនសេដ្ឋកិច្ច ២,៨ភាគរយសម្រាប់ឆ្នាំ២០២៣ នោះ «គឺមិនគ្រប់គ្រាន់ដើម្បីបង្កើតឱ្យមានឱកាសសម្រាប់ក្រុមហ៊ុនអាជីវកម្ម និងមនុស្សជុំវិញពិភពលោកនោះទេ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺការព្យាករពីកំណើនសេដ្ឋកិច្ចខ្សោយក្នុងរយៈពេលកាន់តែយូរ»។
មូលនិធិ IMF កាលពីថ្ងៃអង្គារបានព្រមានថា ការកើតមានភាពចលាចលនៃប្រព័ន្ធធនាគារដែលរារាំងដល់ការផ្តល់ប្រាក់កម្ចី និងជំរុញឱ្យមានការប្រញាប់ប្រញាល់វិនិយោគលើទ្រព្យដែលមានសុវត្ថិភាព អាចបំផ្លាញកំណើនសេដ្ឋកិច្ចពិភពលោកឱ្យវិលត្រលប់មករកកំណើនត្រឹម ១ភាគរយវិញ ដោយធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច និងដាក់សម្ពាធខ្លាំងលើប្រទេសដែលកំពុងអភិវឌ្ឍន៍ខ្លាំង។
លោកស្រី Georgieva បានថ្លែងថា បន្ទាប់ពីបានស្ទុះងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ និងរងគ្រោះពីអតិផរណាខ្ពស់ និងការរីករាលដាល់ពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ក្រុមអ្នកបង្កើតគោលនយោបាយមានភារកិច្ចសំខាន់ពីរក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នោះគឺការប្រយុទ្ធប្រឆាំងនឹងអតិផរណារ៉ាំរ៉ៃ និងការការពារស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រីបានបន្ថែមថា ភារកិច្ចទាំងពីរនេះមានភាពស្មុគ្រស្មាញជាងមុន ដោយសារតែសម្ពាធធនាគារដែលកើតចេញពីការក្ស័យធនរបស់ធនាគារធំពីររបស់សហរដ្ឋអាមេរិក និងការលក់ដោយបង្ខំរបស់ធនាគារ Credit Suisse។
លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃមូលនិធិ IMF បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា ក្រុមអ្នកបង្កើតគោលនយោបាយមិនគួរបញ្ឈប់ការប្រយុទ្ធប្រឆាំងនឹងអតិផរណាទេដោយសារតែការព្រួយបារម្ភអំពីស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រី Georgieva បានបន្តថា ការប្រុងប្រយ័ត្នចំពោះហានិភ័យដែលកំពុងកើតឡើង «ពិតជាសំខាន់បំផុត»៕