(វ៉ាស៊ីនតោន)៖ ប្រទេសជប៉ុន ឥណ្ឌា និងបារាំងកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសបង្កើតវេទិការួមមួយសម្រាប់កិច្ចពិភាក្សាក្នុងចំណោមម្ចាស់បំណុលទ្វេភាគី ដើម្បីសម្របសម្រួលការរៀបចំបំណុលឡើងវិញរបស់ប្រទេសស្រីលង្កា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការបង្កើតវិទេកានេះត្រូវបានសង្ឃឹមថានឹងក្លាយជាគំរូមួយសម្រាប់ការដោះស្រាយបញ្ហាបំណុលរបស់ប្រទេសដែលមានប្រាក់ចំណូលមធ្យមផ្សេងទៀត។

ទោះបីជាយ៉ាងណា នៅតែមិនទាន់ប្រាកដនៅឡើទេថា តើប្រទេសចិនដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសស្រីលង្កា នឹងចូលរួមក្នុងគំនិតផ្តួចផ្តើមដែលធ្វើឡើងដោយប្រទេសជប៉ុនដែលជាប្រធានក្រុមប្រទេស G7 នៅឆ្នាំនេះដែរឬយ៉ាងទេ ដែលវេទិកានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចាប់ផ្តើមកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងចំណោមម្ចាស់បំណុលរបស់ប្រទេសស្រីលង្កា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki ខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយថា៖ «ដើម្បីអាចចាប់ផ្តើមដំណើរការចរចានេះដែលប្រមូលផ្តុំក្រុមម្ចាស់បំណុលទាំងអស់ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ»។

លោកបានមានប្រសាសន៍ថា៖ «គណៈកម្មាធិការនេះបើកចំហសម្រាប់ម្ចាស់បំណុលទាំងអស់»។ លោកសង្ឃឹមថា ប្រទេសចិននឹងចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ។

អគ្គនាយករតនាគារបារាំង លោក Emmanuel Moulin បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមការងារវេទិការូមនេះបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចចរចាជុំទីមួយ «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

ទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាបានប្រាប់ទីភ្នាក់ងាររ៉យទ័រនៅដើមសប្តាហ៍នេះថា ការមានវេទិកាសម្រាប់កិច្ចពិភាក្សានេះនឹងក្លាយជាវិធានការដ៏ស្វាគមន៍មួយដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការពិភាក្សា និងចែករំលែកព័ត៌មាន។

លោក Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ការបង្កើតវេទិកានេះនឹងក្លាយជាករណីគំរូមួយ» សម្រាប់ការរៀបចំបំណុលឡើងវិញរបស់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប៕