(ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមពិនិត្យឲ្យបានច្បាស់លាស់ និងម៉ត់ចត់នូវកិច្ចសន្យាខ្ចីប្រាក់ ពីធនាគារនីមួយៗ មុនសម្រេចចិត្តចុះហត្ថលេខា ឬផ្ដិតមេដៃលើកិច្ចសន្យា ដើម្បីជៀសវាងបញ្ហាជម្លោះរវាងគ្នា និងគ្នានាពេលក្រោយ ប្រសិនបើមានលក្ខខណ្ឌណាមួយប្រែប្រួល។
ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងដើម្បីឆ្លើយតបទាក់ទិននឹងពេលថ្មីៗនេះ មានធនាគារមួយចំនួន ប្រកាសចាប់ផ្តើមឲ្យអត្រាការប្រាក់បន្ថែមពីលើអត្រាការប្រាក់មុន។
តាមរយៈ Facebook ផ្លូវការ លោកស្រី ជា សិរី បានថ្លែងថា កន្លងមកលោកស្រីបានពន្យល់ពីមូលហេតុ ដែលធនាគារមួយចំនួន ដំឡើងអាត្រាការប្រាក់លើឥណទាន ការដំឡើងអត្រាការប្រាក់ ដោយសារអាត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង ហើយធនាគារនៅកម្ពុជា ត្រូវរងឥទ្ធិពល ពីការកើនឡើងនេះដែរ ដែលធ្វើឲ្យតម្លៃដើមទុនរបស់ពួកគាត់ខ្ពស់ជាងមុន។ ធនាគារដែលខ្ចីប្រាក់ពីបរទេស ត្រូវបង់ការប្រាក់ខ្ពស់ជាងមុន ហើយធនាគារប្រើប្រាស់ទុនក្នុងស្រុក ក៏បានចំណាយការប្រាក់ខ្ពស់ជាងមុន ឲ្យអ្នកដាក់ប្រាក់បញ្ញើរ បើសង្កេតមើលអាត្រាប្រាក់បញ្ញើរ មានការកើនឡើងសឹងតែគ្រប់ធនាគារ។
លោកស្រីបានបន្ថែមថា អ្នកដាក់ប្រាក់បញ្ញើចង់បានការប្រាក់ខ្ពស់ ឯអ្នកខ្ជីចង់បានអត្រាការប្រាក់ទាប។ ដូចនេះធនាគារមួយចំនួន ក៏បានសម្រេចចិត្តដំឡើងអាត្រាការប្រាក់ លើឥទានអតិថិជនរបស់ខ្លួន។
លោកស្រី ជា សិរី បានបញ្ជាក់បន្ថែមទៀតថា «តើការដំឡើងការប្រាក់របស់ធនាគារទាំងនោះខុស ឬត្រូវ? ជាការពិតខ្ញុំក៏មិនដឹងថា កិច្ចសន្យារបស់ធនាគារនីមួយៗ បានសរសេរយ៉ាងដូចម្តេចនោះទេ ប៉ុន្ដែអាស្រ័យលើការឯកភាពគ្នារវាងភាគីទាំងសងខាង ជាទូរទៅកិច្ចសន្យាខ្លះ គឺផ្អែកលើអាត្រាអណ្តែតអន្តរជាតិ បានន័យថា បើអាត្រាអន្តរជាតិឡើង អាត្រាឥណទានក៏ឡើង ហើយបានអាត្រាអន្តរជាតិធ្លាក់ថ្លៃ អាត្រាឥណទានក៏ត្រូវបន្ទាបតាមហ្នឹងដែរ ប៉ុន្តែក៏មានឥណទានខ្លះ អាត្រាការប្រាក់ត្រូវបានកំណត់ទុកជាមុន ក្នុងរយៈពេលសរុបនៃការខ្ជី។ ដូច្នេះក្នុងករណីនេះ ធនាគារត្រូវចរចារឡើញវិញជាមួយអតិថិជន បើមានការប្រែប្រួលលក្ខខណ្ឌ។
ដូចគ្នាអតិថិជនសូមពិនិត្យមើលកិច្ចសន្យារបស់ខ្លួន ឲ្យបានម៉ត់ចត់មុននឹងចុះហត្ថលេខា ហើយត្រូវយល់ពីសិទ្ធ និងកាតព្វកិច្ចខ្លួនឯងឲបានច្បាស់លាស់ ដើម្បីជៀសវាងជម្លោះនាថ្ងៃក្រោយ»។
លោកស្រី ជា សិរី បានបញ្ជាក់ថា ទោះយ៉ាងណាយោងតាមបទប្បញ្ញាតិជាធរមាន គ្រឹះស្ថានហិរញ្ញវត្ថុមានកាតព្វកិច្ចបំភ្លឺរាល់ចង្ងល់អតិថិជន និងបង្ហាញរាល់លក្ខខណ្ឌទាំងឡាយដោយសុចរិត និងតម្លាភាព។
ទាក់ទិននឹងការដំឡើងអត្រាការប្រាក់លើឥណទាននេះ អ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចយល់ថា ការឲ្យអត្រារបស់ធនាគារមួយចំនួន ក្នុងគ្រានេះ នឹងបន្ថែមបន្ទុកកាន់តែខ្លាំងដល់ជាប់កម្ចី ខណៈបច្ចុប្បន្ននេះវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យពួកគេរងផលប៉ះពាល់ពីការរកចំណូល ប្រសិនបើធនាគារឲ្យអត្រាការប្រាក់ទៀតនោះ នឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពសងត្រឡប់ និងផ្តល់ផលជះមិនល្អដល់វិស័យធនាគារ៕