(ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា បានចូលរួមវេទិកាប្រជុំ Boao Forum for Asia នៅខេត្ត Hainan ប្រទេសចិន។ ក្នុងជំនួបនោះកម្ពុជា-ចិន បានពិភាក្សាគ្នាជំរុញលើការលើកកម្ពស់ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការទូទាត់ពាណិជ្ជកម្ម ឆ្លងព្រំដែនទ្វេភាគី។

ជំនួបកិច្ចប្រជុំទ្វេភាគីនៅក្រៅកម្មវិធីវេទិកានេះ ត្រូវបានរៀបចំឡើងរវាងលោកស្រី ជា សិរី និងលោក Xuan Changneng ទេសាភិបាលរងនៃធនាគារកណ្ដាលចិន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រវាងធនាគារកណ្តាលទាំងពីរ។

ប្រធានបទលើកមកពិភាក្សាក្នុងជំនួបទ្វេភាគីនេះមាន ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការទូទាត់ពាណិជ្ជកម្មឆ្លងព្រំដែនទ្វេភាគី និងការបង្កើនការតភ្ជាប់ប្រព័ន្ធទូទាត់ និងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល។

ទេសាភិបាលរងទាំងពីរ រីករាយស្វាគមន៍កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធដើម្បីបង្កើតគោលនយោបាយ និងដំណោះស្រាយសមស្រប ក្នុងការលើកកម្ពស់ប្រធានបទដែលបានលើកមកពិភាក្សាខាងលើ ក្នុងបំណងបង្កើនភាពធន់ និងប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធបណ្ដាញទូទាត់ ព្រមទាំងជួយសម្រួលពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន។

លោកស្រី ជា សិរី បានចូលរួមវេទិកាពិភាក្សាតុមូល ជាមួយបណ្ដាទេសាភិបាល នៃធនាគារកណ្ដាលដទៃ ថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ មានតួនាទីបង្កើតគោលនយោបាយ និងថ្នាក់ដឹកនាំក្នុងវិស័យឯកជន ដើម្បីពិភាក្សាអំពីប្រធានបទ «ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងសេវាកម្មក្នុងយុគសម័យឌីជីថល»