(ហាណូយ)៖ ទិន្នន័យរដ្ឋាភិបាលវៀតណាមដែលបានចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទីមួយបានថមថយមកនៅត្រឹម ៣,៣២ភាគរយពីអត្រា ៥,០៥ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសអាស៊ីអាគ្នេយ៍ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់មួយនេះបានរាយការណ៍ថា ការនាំចេញរបស់ខ្លួនបានធ្លាក់ចុះ ១១,៩ភាគរយនៅត្រីមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះតម្រូវការពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO) របសវៀតណាមថា ការនាំចេញទូរស័ព្ទស្មាតហ្វូន ដែលជាវិស័យរកប្រាក់ចំណូលបានច្រើនជាងគេបំផុតរបស់ប្រទេសនេះបានធ្លាក់ចុះ ១៥ភាគរយមកនៅត្រឹម ១៣ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយ ខណៈដែលការនាំចេញគ្រឿងអេឡិចត្រូនិកបានធ្លាក់ចុះ ១០,៩ភាគរយ។

ការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ផលិតកម្មឧស្សាហកម្មនៅក្នុងត្រីមាសទីមួយបានធ្លាក់ចុះ ២,៣ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការលក់រាយទំនិញ និងសេវាកម្មក្នុងស្រុកសរុបបានកើនឡើង ១៣,៩ភាគរយ។

ការិយាល័យនេះបានបន្ថែមថា តម្លៃទំនិញប្រើប្រាស់ក្នុងខែមីនាបានធ្លាក់ចុះ ០,២៣ភាគរយធៀបនឹងខែកុម្ភៈ។ តម្លៃទំនិញប្រើប្រាស់ជាមធ្យមនៅក្នុងត្រីមាសទីមួយបានកើនឡើង ៤,១៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕