(តូក្យូ)៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងកាលពីថ្ងៃពុធថា មានការរំពឹងថា ក្នុងខែនេះប្រទេសសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នឹងព្រមព្រៀង លើការអនុញ្ញាតឱ្យចក្រភពអង់គ្លេសចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ នេះបើយោងតាមកាសែតក្យូដូ (Kyodo News) ។

ប្រសិនបើត្រូវបានអនុម័ត វានឹងក្លាយជាការពង្រីកសមាជិកភាពលើកដំបូងរបស់កិច្ចព្រមព្រៀងដែលមានសមាជិក ១១ប្រទេសនេះ ដែលបច្ចុប្បន្នគ្របដណ្តប់ប្រហែល ១០% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក។

កាសែត Kyodo News បានរាយការណ៍ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលជប៉ុនថា ការចូលជាសមាជិករបស់ចក្រភពអង់គ្លេសត្រូវបានសង្ឃឹមថានឹងជួយបង្កើនសន្ទុះសម្រាប់ការវិលត្រឡប់មកវិញរបស់សហរដ្ឋអាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៧ ក្នុងអំឡុងពេលរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសនិងតំបន់ផ្សេងទៀតដែលបានដាក់ពាក្យសុំចូលរួមក្នុងកិច្ចព្រមព្រៀងនេះផងដែរ។

កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលរបស់លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែបានជួបបញ្ហានៅពេលដែលលោក ត្រាំ បានចូលកាន់តំណែង។ ក្រោយមកជប៉ុនបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនេះដែលត្រូវបានប្តូរឈ្មោះជាផ្លូវការថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

ប្រភពដដែលបានប្រាប់កាសែត Kyodo News ថា រដ្ឋមន្ត្រីមកពីប្រទេសជាសមាជិក TPP រួមទាំងប្រទេសជប៉ុន កាណាដា និងអូស្ត្រាលី នឹងជួបប្រជុំគ្នាតាមអ៊ីនធឺណិតនៅខែនេះ ហើយការព្រមព្រៀងរបស់ពួកគេចំពោះចក្រភពអង់គ្លេសនឹងត្រូវបានអនុម័តជាផ្លូវការដោយស្ថាប័នធ្វើសេចក្តីសម្រេចចិត្តជាន់ខ្ពស់បំផុតរបស់កិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំនេះ។

ការចូលជាសមាជិកភាពរបស់កិច្ចព្រមព្រៀង TPP ទាមទារឱ្យមានការយល់ព្រមពីប្រទេសដែលជាសមាជិកទាំងអស់។ ប្រទេសជាសមាជិករបស់ TPP ផ្សេងទៀតរួមមានព្រុចណេ ស៊ីលី ម៉ាឡេស៊ី ម៉ិកស៊ិក ណូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម៕