(ក្រុងឡុងដ៍)៖ ប្រទេសចិនបានផ្តល់ប្រាក់កម្ចីដែលមានតម្លៃ ២៤០ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន២២ ដែលប្រឈមនឹងហានិភ័យក្ស័យធនក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ហើយនិន្នាការនេះកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍របស់ការសិក្សាថ្មីមួយថា មូលនិធិស្ទើរតែទាំងអស់ត្រូវបានផ្តល់ទៅឱ្យប្រទេសស្ថិតនៅតាមបណ្តោយផ្លូវនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដូចជាស្រីលង្កា ប៉ាគីស្ថាន និងតួកគី ដែលភាគច្រើនជាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលទទួលបានប្រាក់កម្ចីពីចិនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

របាយការណ៍ដែលមានកម្រាស ៤០ទំព័រដែលចេញផ្សាយដោយស្ថាប័នស្រាវជ្រាវ AidData ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធនាគារពិភពលោក (WB) សាលា Harvard Kennedy និងវិទ្យាស្ថាន Kiel Institute for the World Economy បានបង្ហាញថា ប្រាក់កម្ចីសង្គ្រោះបានកើនឡើងនៅចន្លោះឆ្នាំ២០១៦ ដល់២០២១ ហើយទីក្រុងប៉េកាំងបានផ្តល់ចំនួន ៨០% នៃប្រាក់កម្ចីសង្គ្រោះរបស់ខ្លួននៅក្នុងរយៈពេលនោះ។

នៅជុំវិញពិភពលោក បណ្តាប្រទេសស្ថិតនៅក្នុងគំនិតផ្តួចផ្តើម BRI បានស្ថិតក្នុងភាពលំបាក ខណៈដែលការកើនឡើងអតិផរណា និងអត្រាការប្រាក់ គួបផ្សំនឹងផលប៉ះពាល់ដ៏រ៉ាំរ៉ៃដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពក្នុងការសងបំណុលរបស់ខ្លួន។

របាយការណ៍ដដែលនេះបានឱ្យដឹងថា ថវិកាសង្គ្រោះជួយឱ្យប្រទេសនានាបន្តកម្ចីរបស់ខ្លួនហើយនៅតែមានលទ្ធភាពសងបំណុលបាន។

ប្រទេសចិនបានឱ្យដឹងថា ប្រទេសជាង១៥០ បានចុះហត្ថលេខាចូលរួមគំនិតផ្តួចផ្តើម BRI ដែលជាគម្រោងជំរុញហេដ្ឋារចនាសម្ព័ន្ធពិភពលោកដែលមានតម្លៃ ១ពាន់ពាន់លានដុល្លារដែលត្រូវបានដាក់ចេញដោយលោកប្រធានាធិបតី ស៊ី ជីនពីង កាលពីមួយទសវត្សរ៍មុន។ ទីក្រុងប៉េកាំងបានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មជាមិត្តភាពកាន់តែស៊ីជម្រៅជាមួយប្រទេសផ្សេងៗ ជាពិសេសនៅក្នុងពិភពប្រទេសកំពុងអភិវឌ្ឍន៍។

ប៉ុន្តែក្រុមអ្នករិះគន់បានចោទប្រកាន់ប្រទេសចិនជាយូរមកហើយថា បានទាក់ទាញប្រទេសដែលមានប្រាក់ចំណូលទាបឱ្យចូលទៅក្នុងអន្ទាក់បំណុលដោយផ្តល់ប្រាក់កម្ចីដ៏ច្រើនដែលគ្មានលក្ខណៈអំណោយផល។

របាយការណ៍ដដែលនេះបានបន្ថែមថា៖ «ប្រទេសចិនបានបង្កើតប្រព័ន្ធផ្តល់ថវិកាសង្រ្គោះនៅលើគម្រោងខ្សែក្រវាត និងផ្លូវដែលជួយប្រទេសទទួលថវិកាសង្គ្រោះឱ្យជៀសផុតពីការក្ស័យធន ហើយបន្តផ្តល់សេវាបំណុល BRI របស់ពួកគេយ៉ាងហោចណាស់ក្នុងរយៈពេលខ្លី»។

របាយការណ៍បានបន្តថា ធៀបទៅនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ និងការគាំទ្រសាច់ប្រាក់ងាយស្រួលដ៏ច្រើនដែលបានផ្តល់ដោយធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក ថវិកាសង្គ្រោះរបស់ប្រទេសចិននៅតែមានបរិមាណតិចតួច ប៉ុន្តែកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

អ្នកនិពន្ធរបាយការណ៍នេះបានសរសេរថា៖ «ទីក្រុងប៉េកាំងបានកំណត់ទិសដៅលើអ្នកទទួលកម្ចីសង្គ្រោះសក្តានុពលមួយចំនួន ខណៈប្រាក់កម្ចីសង្គ្រោះរបស់ចិនស្ទើរតែទាំងអស់បានផ្តល់ទៅឱ្យប្រទេសក្នុងគម្រោង BRI ដែលមានចំណូលទាប និងមធ្យមដែលជំពាក់បំណុលធនាគារចិនច្រើន»។

របាយការណ៍នេះបានព្រមានថា ប្រាក់កម្ចីរបស់ចិនមានទំនោរមិនសូវមានតម្លាភាពបើធៀបនឹងស្ថាប័នផ្តល់ប្រាក់កម្ចីអន្តរជាតិផ្សេងទៀត ហើយជារឿយៗមានអត្រាការប្រាក់ជាមធ្យម ៥% បើធៀបនឹងអត្រាធម្មតា ២% លើប្រាក់កម្ចីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

កិច្ចព្រមព្រៀងបែបនេះជាច្រើនត្រូវបានគេហៅថាកម្ចីបន្តជីវិតដែលក្នុងនោះប្រាក់កម្ចីរយៈពេលខ្លីដូចៗគ្នាត្រូវបានបន្តផ្តល់ជូនម្តងហើយម្តងទៀតដើម្បីសងបំណុលដែលនឹងដល់ពេលត្រូវសង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕