(សៀមរាប)៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពី «អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិត» ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំឡើងក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) អមដោយ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងមន្ត្រីជំនាញនៃ ន.ធ.ក. ដោយមានការចូលរួមពីសាស្ត្រាចារ្យ សិស្សនិសិត្ស និងសាធារណជនផងដែរ។

ជាយន្តការនៃការផ្សព្វផ្សាយអត្ថប្រយោជន៍ នៃផលិតផលធានារ៉ាប់រងអាយុជីវិត ឱ្យកាន់តែទូលំទូលាយ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលានេះ ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹង និងចូលរួមចំណែកការពារផលប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ធានារ៉ាប់រង ដោយបានផ្តោតជាសំខាន់លើ៖ មូលដ្ឋានគ្រឹះនៃការធានារ៉ាប់រង ប្រភេទនៃការធានារ៉ាប់រងអាយុជីវិត អត្ថប្រយោជន៍នៃការធានារ៉ាប់រងអាយុជីវិត តួនាទី និងភារកិច្ចរបស់និយ័តករធានារ៉ាប់រងកម្ពុជា។

សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងបានវាយតម្លៃខ្ពស់ លើអត្ថប្រយោជន៍នៃការធានារ៉ាប់រងអាយុជីវិត ដែលអាចជួយសម្រួល ឬផ្ទេរបន្ទុកហិរញ្ញវត្ថុ ក្នុងកម្រិតមួយជាក់លាក់ នៅពេលមានហានិភ័យណាមួយកើតឡើង ដោយផ្តល់ជាសំណងធានារ៉ាប់រងជូនដល់អ្នកទទួលផល។

លើសពីនេះទៅទៀត អង្គសិក្ខាសាលាបានផ្លាស់ប្តូរនូវមតិយោបល់យ៉ាងផុសផុលផងដែរ ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជន និងអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញពីចំណាប់អាម្មរណ៍ លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការដោះស្រាយវិវាទ និងបណ្តឹងធានារ៉ាប់រងរវាងអតិថិជន និងប្រតិបត្តិករធានារ៉ាប់រង ដើម្បីការពារជូនដល់អតិថិជន ដែលប្រើប្រាស់សេវាធានារ៉ាប់រង ក៏ដូចជាការរីកចម្រើនដល់វិស័យធានារ៉ាប់រង នៅប្រទេសកម្ពុជាទាំងមូល។

សិក្ខាកាមទាំងអស់បានចូលរួមសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់និយ័តករធានារ៉ាប់រងកម្ពុជា និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ សេវាធានារ៉ាប់រងអាយុជីវិត ដើម្បីឆ្លើយតបឱ្យបានសមស្របទៅហានិភ័យ ដែលបណ្ដាលឱ្យប៉ះពាល់ដល់បន្ទុកហិរញ្ញវត្ថុ ដោយសារការបាត់បង់ជីវិតបស់មេគ្រួសារ ឬបុគ្គលដែលផ្តល់ប្រភពប្រាក់ចំណូល សម្រាប់គ្រួសារ៕