(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ថា តម្រូវការថាមពលអគ្គិសនីនៅកម្ពុជា នឹងកើនឡើងដល់២៤ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៥, ដល់ ៣៦ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៣០, ដល់៥០ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០៣៥ និង៦៦ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៤០។ នេះបើយោងតាមផែនការ សម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី របស់រាជរដ្ឋាភិបាល ដែលរៀបចំដោយក្រសួងរ៉ែ និងថាមពល។
សមត្ថភាពប្រភពអគ្គិសនីបច្ចុប្បន្ន អានុភាពសរុបនៃប្រភពអគ្គិសនី ដែលបានអភិវឌ្ឍកើនឡើងពី ៣,៩៩០មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២១ ដល់ ៤,៤៩៥មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២២ ឯបរិមាណថាមពល ដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនី បានកើនឡើងពី ១៣,០៩៧លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២១ មក ១៥,៤៥៥លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២២។
ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ផែនការមេនេះបានធ្វើការសិក្សា និងព្យាករណ៍កំណើននៃតម្រូវការអគ្គិសនីរបស់កម្ពុជាពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០៤០ ដោយយកលំនាំកំណើនតម្រូវការអគ្គិសនី ទៅតាមការអភិវឌ្ឍន៍នៃប្រទេសជិតខាង រួមមានប្រទេសថៃ និងវៀតណាម បន្ទាប់មកធ្វើការគណនា និងវិភាគអំពីសង្គតិភាពនៃការព្យាករណ៍ជាមួយនឹងកំណើនផលិតផលសរុប ក្នុងស្រុករបស់កម្ពុជាតាមវិស័យ។
តាមរយៈផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនីនេះ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមក តម្រូវការអគ្គិសនីបានកើនឡើង ក្នុងអត្រាដ៏ខ្ពស់គួរឱ្យកត់សម្គាល់ ដោយបានកើនឡើងពី ៥០៨មេហ្កាវ៉ាត់នៅឆ្នាំ២០១២ ដល់ ២០២៦មេហ្កាវ៉ាត់នៅឆ្នាំ២០២១ ដែលគិតជាមធ្យមមានអត្រាកំណើនស្មើនឹ ង១៩%ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះដោយសារការពង្រីក ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដ៏លឿនរបស់កម្ពុជា វិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនី របស់ប្រព័ន្ធបណ្តាញផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាបានកើនឡើងពី ៣៤%នៃចំនួនភូមិសរុបនៅចុងឆ្នាំ ២០១០រហូតដល់ ៩៨.២៧%នៃចំនួនភូមិទាំងអស់នៅពាក់កណ្តាលឆ្នាំ២០២២ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មលឿន ជាងគេក្នុងពិភពលោក។
ដើម្បីសម្រេចគោលដៅនេះ ផែនការអភិវឌ្ឍន៍ប្រភពអគ្គិសនី នៅក្នុងផែនកាមេនេះ ត្រូវបានរៀបចំឡើងចេញពីការវាយតម្លៃជ្រើសរើស លើសេណារីយ៉ូអភិវឌ្ឍប្រភពអគ្គិសនីចំនួន ០៥ ដូចតទៅ៖ សេណារីយ៉ូទី១-ការអភិវឌ្ឍប្រភពអគ្គិសនី តាមលក្ខណៈប្រពៃណីដោយប្រើជាធ្យូងថ្ម និងវារីអគ្គិសនី, សេណារីយ៉ូទី២- អនុវត្តតាមសេណារីយ៉ូទី១ ប៉ុន្តែជំនួសការអភិវឌ្ឍប្រភពអគ្គិសនី ដើរដោយធ្យូងថ្មទៅជាឧស្ម័នធម្មជាតិ, សេណារីយ៉ូទី៣- អនុវត្តតាមសេណារីយ៉ូទី២ ប៉ុន្តែបង្កើនការទទួលយកថាមពលកកើតឡើងវិញប្រែប្រួលៗ, សេណារីយ៉ូទី៤-អនុវត្តតាមសេណារីយ៉ូទី៣ ប៉ុន្តែដាក់បញ្ចូលការសន្សំសំចៃថាមពល ដោយគោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល និងសេណារីយ៉ូ ទី៥-ផ្តល់នូវសេណារីយ៉ូបម្រុងផ្សេងៗ ដើម្បីត្រៀមសម្រាប់អនុវត្ត ក្នុងករណីមានការពន្យារពេលការដាក់ឱ្យដំណើរការ ប្រភពអគ្គិសនីធំៗណាមួយ ឬមួយចំនួន។
សេណារីយ៉ូអភិវឌ្ឍប្រភពអគ្គិសនីនីមួយៗ សុទ្ធតែត្រូវបានពិនិត្យវាយតម្លៃ ដើម្បីធានាថាក្នុងរយៈពេលនៃផែនការនេះ ការផ្គត់ផ្គង់អគ្គិសនី នឹងមានគ្រប់គ្រាន់ អាចទុកចិត្តបាន និងមានការបម្រុងទុកយ៉ាងតិច ២០% នៃអានុភាពផ្គត់ផ្គង់តម្រូវការអានុភាពអតិបរមា ដែលបានព្យាករណ៍សម្រាប់រដូវប្រាំង។ លក្ខខណ្ឌរក្សាទុកឱ្យមានអានុភាពបម្រុងនេះ ត្រូវបានកំណត់ឡើង ដើម្បីធានាទប់ទល់នឹងការប្រែប្រួលណាមួយ ជាយថាហេតុ ក្នុងរយៈពេលនៃការរៀបចំផែនការមេ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៤០។
សេណារីយ៉ូទី៤ ត្រូវបានជ្រើសរើសជាផែនការអភិវឌ្ឍ ន៍ប្រភពអគ្គិសនីបន្ថែមពីឆ្នាំ២០២២ ដល់ឆ្នាំ២០៤០ ដោយសារសេណារីយ៉ូនេះ អាចរក្សាបាននូវតុល្យភាពរវាងយុទ្ធសាស្ត្រ របស់វិស័យអគ្គិសនីកម្ពុជា ក្នុងការបំពេញគោលដៅគោល នៃការបំពេញតម្រូវការអគ្គិសនី ដោយមានថ្លៃសមរម្យ អាចទុកចិត្តបាន និងតាមរបៀបមួយប្រកបដោយសុវត្ថិភាព និងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តថ្នាក់ជាតិ និងសកលលោក ស្តីពីអាកាសធាតុនិងបរិស្ថាន ដោយបង្កើនការប្រើប្រាស់ប្រភពធនធានថាមពលកកើតឡើងវិញ ក្នុងស្រុក និងអនុវត្តវិធានការប្រសិទ្ធភាពថាមពល ជាអតិបរមា មិនអភិវឌ្ឍរោងចក្រអគ្គិសនីពីធ្យូងថ្មបន្ថែមទៀត មិនអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គផ្ទាល់ អាចពិចារណាវាយតម្លៃប្រើជម្រើសប្រភពថាមពលកាបូនទាប សម្រាប់គម្រោងពុំទាន់អនុម័ត នៅពេលអនាគត ដែលរួមមានបច្ចេកវិទ្យាដែលកំពុងតែលេចធ្លោ ដូចជាបច្ចេកវិទ្យាចាប់យក ប្រើប្រាស់និងរក្សាទុកកាបូន (CCUS) និងអ៊ីដ្រូសែន។
ក្នុងសេណារីយ៉ូទី៤នេះ នៅឆ្នាំ២០៣០ ដើម្បីបំពេញឱ្យបានគ្រប់គ្រាន់ទាន់ កំណើននៃតម្រូវការអគ្គិសនី ល្បាយនៃអានុភាពដំឡើងប្រភពអគ្គិសនី សម្រាប់ការផ្គត់ផ្គង់នឹងមានសមាសភាព ២ ២៦៦ មេហ្កាវ៉ាត់ មកពីប្រភពអគ្គិសនីដុតធ្យូងថ្ម ស្មើនឹង ៤០.៤% នៃប្រភពអគ្គិសនីក្នុងស្រុក, ១ ៥៥៨ មេហ្កាវ៉ាត់ មកពីប្រភពវារីអគ្គិសនី ស្មើនឹង២៧.៧% នៃប្រភពអគ្គិសនីក្នុងស្រុក, ៤៩០មេហ្កាវ៉ាត់ មកពីប្រភពអគ្គិសនីដើរដោយប្រេងខ្មៅ ស្មើនឹង ៨.៧% នៃប្រភពអគ្គិសនីក្នុងស្រុក, ១០០៥ មេហ្កាវ៉ាត់ មកពីប្រភពអគ្គិសនីប្រើពន្លឺព្រះអាទិត្យ ស្មើនឹង១៧.៩% នៃប្រភពអគ្គិសនីក្នុងស្រុក, ២០០មេហ្កាវ៉ាត់ មកពីប្រព័ន្ធអាគុយស្ដុកថាមពលស្មើនឹង ៣.៦% នៃប្រភពអគ្គិសនីក្នុងស្រុក និង ៩៨ មេហ្កាវ៉ាត់ មកពីប្រភពអគ្គិសនីប្រើជីវម៉ាស់ស្មើនឹង ១.៧% នៃប្រភពអគ្គិសនីក្នុងស្រុក, ព្រមទាំង ៣ ០៩៥ មេហ្គាវ៉ាត់ នាំចូលពីប្រទេសឡាវ, ៧០០ មេហ្កាវ៉ាត់ នាំចូលពីប្រទេសថៃ និងសមមូលនឹង ១ ២១៥ មេហ្កាវ៉ាត់ បានមកពីការសន្សំសំចៃអគ្គិសនី តាមរយៈវិធានការប្រសិទ្ធភាពថាមពល។
ផែនការមេអភិវឌ្ឍវិស័យអគ្គិសនី ឆ្នាំ២០២២-២០៤០ នឹងត្រូវការថវិកាសរុបប្រមាណជា ៩,០៨៩លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការវិនិយោគបង្កើន អានុភាពប្រភពអគ្គិសនីក្នុងស្រុក។ នៅក្នុងចំនួនសរុបនេះ ២,៥៣៩ លានដុល្លារសហរដ្ឋអាមេរិក គឺជាថវិកាវិនិយោគ ដែលបានអនុម័តរួចហើយ សម្រាប់គម្រោងដែលកំពុងអភិវឌ្ឍ នៅក្នុងឆ្នាំ២០២២-២០២៥។ ចាប់ពីឆ្នាំ២០២៦ ទំហំវិនិយោគប្រមាណជា ៦,៥៥០ លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបានប្រើប្រាស់ សម្រាប់ការវិនិយោគលើគម្រោងវារីអគ្គិសនី (ក្រៅពីគម្រោងលើដងទន្លេមេគង្គផ្ទាល់) គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ប្រព័ន្ធអាគុយស្តុកថាមពល ប្រភពអគ្គិសនីឧស្ម័នធម្មជាតិ និងប្រភពអគ្គិសនីប្រើជីវម៉ាស់៕