(ភ្នំពេញ)៖ ក្នុងរយៈពេលពេលចុងក្រោយនេះ ពោលគឺចាប់តាំងពីការប្រកាសដំណឹងដួលរលំនៃធនាគារមួយចំនួន នៅសហរដ្ឋអាមេរិក តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្លៃមាសនៅកម្ពុជាកើនឡើង តាមការប្រែប្រួលរបស់ទីផ្សារអន្តរជាតិ។
បើតាមអ្នកវិភាគទីផ្សារមាស កាលពីថ្ងៃទី២៤ ខែមីនា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ មានតម្លៃ ១៩៩៣ដុល្លារក្នុងមួយអោន ដែលស្មើនឹង ២៤០១ដុល្លារក្នុងមួយតម្លឹង (តម្លៃមាសនៅកម្ពុជា)។ ចំណែកនៅថ្ងៃទី២៥ ខែមីនា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនដល់ ២០០៧ដុល្លារក្នុងមួយអោន ឬស្មើនឹង ២៤១៨ដុល្លារ ក្នុងមួយតម្លឹង។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បើធៀបនឹងកាលពីដើមឆ្នាំ២០២៣ គឺតម្លៃនេះបានកើនឡើងខ្លាំង ហើយវានឹងបន្តកើនឡើងទៀត នៅពេលខាងមុខ។
លោកបានពន្យល់ពីមូលហេតុ ដែលនាំឱ្យតម្លៃមាសកើនឡើងខ្លាំងនាពេលនេះ ដោយសារវិបត្តិហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក ជាពិសេសករណីដែលធនាគារមួយចំនួន នៅសហរដ្ឋអាមេរិក បានដួលរលំ ឬក្ស័យធន និងមានធនាគារប្រមាណ១០០ទៀត ដែលបានប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឱ្យគេបាត់ទំនុកចិត្តលើប្រាក់ដុល្លារ ហើយស្រវ៉ាមកទិញមាសទុក ព្រោះគេយល់ថា ប្រសិនបើមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ មានតែមាសទេដែលមានតម្លៃ។
ជាមួយគ្នានេះ វិបត្តិសេដ្ឋកិច្ចនៅលើពិភពលោក ដែលបណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ជាពិសេស ក្នុងដំណើរទស្សនកិច្ចរបស់ប្រជាធិបតីចិន ទៅប្រទេសរុស្ស៊ី ដែលអាចរុញស្ថានការណ៍ឱ្យកាន់តែឡើងកម្តៅ។ កត្តាទាំងនេះហើយ នឹងធ្វើឱ្យតម្លៃមាស កាន់តែឡើងថ្លៃខ្លាំង។
លោក ឡុង សំណាង បញ្ជាក់បន្ថែមថា «តាមការវិភាគតម្លៃនេះ អាចនឹងកើនឡើងថែមទៀតនាពេលខាងមុន។ សម្រាប់ការវិភាគរបស់ខ្ញុំ តម្លៃមាសនៅឆ្នាំនេះ នឹងអាចឡើងលើសពី ២០០០ដុល្លារ ក្នុងមួយអោន នឹងធ្វើឱ្យតម្លៃមាសនៅកម្ពុជា កើនឡើងដល់ជាង ២៥០០ដុល្លារក្នុងមួយតម្លឹង ឬជិត ៣០០០ដុល្លារក្នុងមួយតម្លឹង»។
លោកលើកឡើងថា ក្នុងឱកាសដែលមាសកំពុងឡើងថ្លៃ និងឈានទៅឡើងថ្លៃបន្ថែមទៀត គឺជាឱកាសវិយោគសម្រាប់ការទិញលក់មាសផ្ទាល់ ឬការវិនិយោគតាមរយៈឧបករណ៍និស្សន្ទន៍ តាមរយៈក្រុមហ៊ុនស្របច្បាប់។
លោកបន្ថែមថា «សម្រាប់អ្នកដែលស្រលាញ់ចូលចិត្តមាស ទិញរក្សាទុក ឬក៏ធ្វើគ្រឿងអលង្ការផ្សេងៗ ឬទិញទុកចំណេញក៏ដោយ ឬក៏យកមកពាក់លម្អ ក្នុងរដូវចូលឆ្នាំនេះក៏ដោយក៏ត្រូវដែរ។ ខ្ញុំជឿជាក់ថា បើទោះបីជាចូលឆ្នាំហើយក៏ដោយ ក៏នៅតែលក់ចំណេញទៀត ព្រោះតម្លៃមាស បក់ឡើងខ្លាំងមែនទែន»។
លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ចនៃក្រុមហ៊ុន Gold Financial Global Investment បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ការកើនឡើងនៃតម្លៃមាសជាបន្តបន្ទាប់ នៅរយៈពេលចុងក្រោយនេះ គឺជាឱកាសល្អសម្រាប់អ្នក ដែលបានទិញមាសទុក កាលពីពេលកន្លងមក ហើយលក់យកចំណេញនានេះ។ ជាមួយគ្នានេះក៏ផ្តល់ចំណេញសម្រាប់អ្នក ដែលជួញដូរឧបករណ៍និស្សន្ទន៍ជាមួយក្រុមហ៊ុនស្របច្បាប់ លក់បានដូចគ្នា ពោលគឺសម្រាប់អ្នកដែលយល់ដឹងពីការជួញដូរឧបករណ៍និស្សន្ទន៍នេះ ពួកគាត់អាចចំណេញពីទីផ្សារនេះបាន ដោយសារការទិញនៅពេលតម្លៃធ្លាក់ចុះ ហើយលក់ចេញវិញនៅពេលតម្លៃឡើងខ្ពស់។
សម្រាប់លោក សុខ ហេង បើទោះបីនិន្នាការមាសនឹងបន្តកើនឡើងក៏ដោយ លោកបានផ្តល់យោបល់ដល់អ្នក ដែលមានមាសដុំ គួរតែលក់ចេញខ្លះ ព្រោះទីផ្សារមាសប្រែប្រួលជាប្រចាំ។ លោកថា ថ្វីត្បិតតែវិបត្តិនៅអាមេរិក និងអឺរ៉ុប រុញច្រានឱ្យតម្លៃមាស កើនឡើងក៏ដោយ តែសម្រាប់ប្រទេសធំៗដូចជា អាមេរិក និងសហគមន៍អឺរ៉ុប ពួកគេមិនបណ្តោយឱ្យរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះនោះទេ ពួកគេនឹងរកវិធីដោះស្រាយ។
លោកបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្តល់យោបល់ថា សម្រាប់អ្នកមានមាសក្នុងដៃ គួរតែលក់ចេញខ្លះ ហើយចាំទិញនៅក្នុងតម្លៃ ១៩០០ដុល្លារក្នុងមួយអោនវិញ ដែលយើងអាចនឹងចំណេញបានម្តងទៀត។ សម្រាប់ខ្ញុំយល់ថា វាឡើងមិនយូរទេ ក្នុងតម្លៃនេះវាអាចនឹងឡើង ៣០ដុល្លារទៅ៤០ដុល្លារទៀត ពីតម្លៃឥឡូវនេះទៅ ប៉ុន្តែវានឹងចុះមកវិញខ្លះ វាអាចចន្លោះពី៣សប្តាហ៍ទៅ៥សប្តាហ៍ទៀត វានឹងធ្លាក់ថ្លៃមកវិញ»៕