(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសចិននឹងពង្រីកគោលនយោបាយអនុគ្រោះពន្ធមួយចំនួន និងបន្តអនុវត្តពន្ធសូន្យលើការនាំចូលធ្យូងថ្មរហូតដល់ដំណាច់ឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការផ្សព្វផ្សាយទូរទស្សន៍រដ្ឋចិន CCTV នេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចិនថ្មីគឺលោក លី ឈាង នៅថ្ងៃដដែលនោះ។
ប្រទេសចិនបានកាត់បន្ថយពន្ធលើធ្យូងថ្មរហូតដល់អត្រាសូន្យភាគរយកាលពីខែមេសាឆ្នាំមុនក្នុងគ្រាដែលមានការប្រឈមនឹងក្តីព្រួយបារម្ភអំពីសុវត្ថិភាពថាមពលក្នុងស្រុក និងការរំខានដល់ការផ្គត់ផ្គង់។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការនាំចូលធ្យូងថ្មរបស់ប្រទេសចិនក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះបានកើនឡើង ៧១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសាររោងចក្រផលិតថាមពលបានបង្កើនការទិញធ្យូងថ្មដែលមានតំលៃថោកពីប្រទេសឥណ្ឌូណេស៊ី ខណៈដែលការទិញធ្យូងថ្មពីប្រទេសម៉ុងហ្គោលីក៏កើនឡើងផងដែរបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងវិធានការប្រឆាំងជំងឺកូវីដ-១៩។
CCTV បានរាយការណ៍ទៀតថា ប្រទេសចិនក៏នឹងកាត់បន្ថយពន្ធមួយចំនួនសម្រាប់ក្រុមហ៊ុនតូចៗ និងអាជីវកម្មបុគ្គល ហើយបន្តគោលនយោបាយអនុគ្រោះបែបនេះរហូតដល់ដំណាច់ឆ្នាំ២០២៤។
គោលនយោបាយអនុគ្រោះពន្ធផ្សេងទៀត រួមមានការកាត់បន្ថយពន្ធទាក់ទងនឹងការស្រាវជ្រាវ និងការអភិវឌ្ឍ និងការកាត់ពាក់កណ្តាលនូវពន្ធលើដីឃ្លាំងសម្រាប់ការស្តុកទុកទំនិញច្រើននៅក្នុងតំបន់ទីក្រុងសម្រាប់ក្រុមហ៊ុនឡូជីស្ទិក។
ទូរទស្សន៍ CCTV បានបន្ថែមថា ការកាត់បន្ថយពន្ធនេះត្រូវបានរំពឹងថានឹងកាត់បន្ថយបន្ទុកចំណាយសរុបជាង ៤៨០ពាន់លានយន់ (៦៩,៨ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ៕