(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់មីយ៉ាន់ម៉ា ដើម្បីរាំងខ្ទប់ការផ្តល់មូលនិធិដល់របបយោធារបស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីពីប្រភពដែលបានដឹងពីបញ្ហានេះតែស្នើសុំមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលរបស់លោក ចូ បៃឌិន (Joe Biden) កំពុងវាយតម្លៃនៅឡើយទៅលើវិសាលភាពនៃវិធានការប្រឆាំងនឹងក្រុមហ៊ុន Myanma Oil and Gas Enterprise (MOGE) របស់មីយ៉ាន់ម៉ា ខណៈក្រុមហ៊ុននានារបស់ប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកគឺប្រទេសថៃ និងកូរ៉េខាងត្បូងមានអត្ថប្រយោជន៍លើគម្រោងថាមពលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ប្រភពមួយក្នុងចំណោមប្រភពខាងលើបាននិយាយថា សហរដ្ឋអាមេរិកក៏ព្រួយបារម្ភផងដែរថា ទណ្ឌកម្មអាចជំរុញឱ្យប្រទេសចិនចូលមកជំនួស និងបញ្ចេញឥទ្ធិពលសេដ្ឋកិច្ចកាន់តែខ្លាំងលើមីយ៉ាន់ម៉ា។ ចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ារួចហើយនោះ កាលពីឆ្នាំមុនបានបង្កើនការទិញឧស្ម័នតាមបំពង់ឧស្ម័នចំនួន ៨% ហើយប្រទេសនេះអាចទទួលបានលំហូរឧស្ម័នបន្ថែមទៀតប្រសិនបើសហរដ្ឋអាមេរិកបង្ខំមីយ៉ាន់ម៉ាឱ្យស្ថិតក្នុងភាពទាល់ច្រក។
លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសអាមេរិក បាននិយាយនៅសប្តាហ៍នេះនៅទីក្រុងហ្សាការតាថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផែនការដាក់ទណ្ឌកម្មថ្មីៗ ដែលនឹងរារាំងប្រាក់ចំណូល និងលទ្ធភាពទិញអាវុធរបស់របបយោធាមីយ៉ាន់ម៉ា ទោះបីជាលោកមិនបានផ្តល់ព័ត៌មានជាក់លាក់ក៏ដោយ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ទៀតថា បើយោងតាមមនុស្សដែលដឹងអំពីបញ្ហានេះ ទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនទាំងពីរនេះ។
យោងតាមក្រសួងថាមពលថៃ ការនាំចូលឧស្ម័នពីប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុនមានចំនួន ១៦% នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិសរុបរបស់ប្រទេសថៃ ដែលមានចំនួនច្រើនជាងពាក់កណ្តាលនៃការផលិតថាមពលចម្រុះរបស់ប្រទេសនេះ។
យោងតាមទិន្នន័យពីក្រសួងផែនការនិងហិរញ្ញវត្ថុមីយ៉ាន់ម៉ា ដែលមិនបានបង្ហាញតួលេខលម្អិត ប្រទេសមីយ៉ាន់ម៉ារកចំណូលបានប្រហែល ២,១៣ពាន់លានដុល្លារពីការនាំចេញឧស្ម័នពីខែមករាដល់ខែកក្កដាឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានផ្សព្វផ្សាយថា ប្រទេសនេះកាលពីឆ្នាំមុនបាននាំចេញឧស្ម័នធម្មជាតិមានតម្លៃ ១,៤៣ពាន់លានដុល្លារទៅកាន់ប្រទេសចិន ដោយមានឧស្ម័នប្រហែល ១២ពាន់លានម៉ែត្រគូបត្រូវបានបង្ហូរជារៀងរាល់ឆ្នាំតាមរយៈបំពង់តភ្ជាប់ពីរដ្ឋរ៉ាឃីនទៅកាន់ខេត្តយូណាន ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕