(ភ្នំពេញ)៖ បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធាននៃក្រុមការងារជំរុញ និងតាមដានការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអង្កេតសហគ្រាសនៃអគ្គនាយកដ្ឋាន ពន្ធដារ ចុះអង្កេតសហគ្រាសនៅខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ ស្របតាមសេចក្ដីជូនដំណឹងលេខ ១៦៤០៣ អពដ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីការចុះអង្កេតសហគ្រាសនៅរាជធានីភ្នំពេញ។

ការចុះអង្កេតសហគ្រាសរបស់ បណ្ឌិត កែន សម្បត្តិ គឺស្ថិតក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាព របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានដាក់ចេញ និងដឹកនាំអនុវត្តដោយលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយក្នុងនោះការជំរុញការចុះបញ្ជីពន្ធដារ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃទៀត ដែលអគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើការចុះបញ្ជីឱ្យអស់នូវសហគ្រាស ដែលកំពុងប្រកបអាជីវកម្មនៅទូទាំងប្រទេស ស្របតាមបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន។

ក្នុងឱកាសចុះពិនិត្យការអនុវត្តការងារអង្កេតសហគ្រាសដែលបានជួល និងធ្វើអាជីវកម្ម នៅក្នុងអគារពាណិជ្ជកម្មមួយ ក្នុងខណ្ឌដូនពេញ និងមានការចុះពិនិត្យទីតាំងសហគ្រាសមួយចំនួនទៀត នៅក្នុងខណ្ឌជ្រោយចង្វារ បណ្ឌិតអគ្គនាយករង បានជម្រាបជូនតំណាងសហគ្រាសទាំងនោះ អំពីគោលបំណងនៃការចុះអង្កេតសហគ្រាសនាពេលនេះ គឺជាការស្រង់ស្ថិតិប្រមូលព័ត៌មាន ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងផ្តល់សេវាចុះបញ្ជីពន្ធដារ ជូនសហគ្រាសទាំងអស់ដែលកំពុងប្រកបអាជីវកម្ម នៅរាជធានីភ្នំពេញ។

លោកបណ្ឌិតអគ្គនាយករង បានគូសបញ្ជាក់ជូនតំណាងសហគ្រាសថា ការចុះបញ្ជីពន្ធដារ គឺជាការតម្រូវរបស់ច្បាប់និ ងបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន ហើយសហគ្រាសទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ពីការចុះបញ្ជីនេះ រួមមាន ១. មានឈ្មោះជាសហគ្រាស បានអនុវត្តត្រឹមត្រូវតាមច្បាប់កំណត់ ២. ទទួលបាននូវសេវាផ្តល់ព័ត៌មាន ជាប្រចាំអំពីដំណើរការនៃប្រព័ន្ធពន្ធដារ និងនីតិវិធីនៃការកំណត់ពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ៣. សម្រាប់យន្តការអាករលើតម្លៃបន្ថែម នៅពេលលក់ឱ្យអតិថិជនជាបុគ្គលជាប់អាករបុគ្គលនោះ អាចទទួលបានអាករលើធាតុចូល ដើម្បីធ្វើការកាត់កងអាករលើធាតុចេញ ៤. ចំពោះចំណាយរបស់បុគ្គលជាប់អាករ នោះអាចអនុញ្ញាតឱ្យកាត់កងបាន ៥. ទទួលបានការលើកទឹកចិត្តផ្សេងៗ ស្របតាមគោលនយោបាយផ្នែកពន្ធដាររបស់រាជរដ្ឋាភិបាល ៦. ការប្រកួតប្រជែងដោយស្មើភាពគ្នារវាងអាជីវកម្មនិងអាជីវកម្ម ៧. អាចទទួលបានការទុកចិត្តពីអ្នក វិនិយោគទុនក្នុងនិងក្រៅប្រទេស ក្នុងការសម្រេចធ្វើការវិនិយោគជាមួយសហគ្រាសដែលមានអនុលោមភាពពន្ធដារ និង ៨. អត្ថប្រយោជន៍ផ្សេងៗ ទៀតផងដែរ។

ទន្ទឹមនឹងនេះ លោកបណ្ឌិតអគ្គនាយករងបានបន្ថែមថា ការចូលរួមបង់ពន្ធ របស់សហគ្រាសទាំងអស់ គឺជាការចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយប្រាក់ពន្ធដែលប្រមូលបានទាំងនោះ នឹងត្រូវបានយកទៅបែងចែក ប្រកបដោយសមធម៌ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម ព្រមទាំងការផ្តល់សេវាសាធារណៈផ្សេងៗរួមមាន ការការពារអធិបតេយ្យ បូរណភាពទឹកដី រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សង្គម រក្សាស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស ដើម្បីសុខុមាលភាព វិបុលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។

នាឱកាសនោះផងដែរ លោកបណ្ឌិតអគ្គនាយករង ក៏បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុង យកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដោយអ្នកជាប់ពន្ធអាចធ្វើការស្វែងយល់ ពាក់ព័ន្ធនឹងពន្ធដារ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ការធ្វើសិក្ខាសាលាផ្សព្វផ្សាយ ការផ្តល់វេទិកាពិគ្រោះយោបល់ ដូចជា កម្មវិធីពន្ធដារកម្ពុជា (GDT Facebook Live) GDT Live Chat, Call Center 1277 របស់អគ្គនាយកដ្ឋានពន្ធដារ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្ខិតសេវាពន្ធដារឱ្យកាន់តែជិតជូនអ្នកជាប់ពន្ធ តាមរយៈការអភិវឌ្ឍនិង ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-Filing) ប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ (E-Payment) និងកម្មវិធីប្រព័ន្ធអនឡាញផ្សេងៗទៀត ដែលបង្កលក្ខណៈងាយស្រួល កាត់បន្ថយពេលវេលារបស់ អ្នកជាប់ពន្ធ បង្កើននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធ។

ជាមួយនឹងការលើកឡើងខាងលើនេះ បណ្ឌិត កែន សម្បត្តិ ក៏បានជំរុញ និងលើកទឹកចិត្តព្រមទាំងបានស្នើឱ្យម្ចាស់សហគ្រាសទាំងអស់ បន្តផ្សព្វផ្សាយជូនដៃគូអាជីវកម្ម និងម្ចាស់សហគ្រាសផ្សេងៗ ធ្វើការចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចពន្ធឱ្យបានត្រឹមត្រូវ ចៀសវាងការទទួលរងការពិន័យ ទោសទណ្ឌ ស្របតាមច្បាប់ និងបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន។

គួររំលឹកផងដែរថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្ដើមចុះអនុវត្តការងារអង្កេតសហគ្រាសចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដែលបច្ចុប្បន្នបានបញ្ចប់រួចរាល់ នៅខណ្ឌមួយចំនួនដូចជា ខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌ៧មករា និងកំពុងបន្ដចុះអនុវត្តការងារ នៅខណ្ឌមួយចំនួនទៀតដូចជា ខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌជ្រោយចង្វារ និងខណ្ឌផ្សេងទៀត ទូទាំងរាជធានីភ្នំពេញ៕