(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានដាក់ដំណើរការកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី២ ដើម្បីបណ្តុះគំនិត និងតម្រង់ទិស ឱ្យយុវជន ឬម្ចាស់អាជីវកម្មវ័យក្មេង ដើម្បីឱ្យគេមានលទ្ធភាពឈានទៅបង្កើត ក្រុមហ៊ុន Start up ក្នុងរយៈពេលខ្លី។
ក្នុងពិធីសម្ពោធ «កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី២» នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានថ្លែងថា កម្មវិធីនេះនឹងជួយតម្រង់ទិស ដល់យុវជន ដែលមានគំនិតបង្កើតអាជីវកម្ម Start up ឱ្យមានមធ្យោបាយគ្រប់គ្រាន់ ក្នុងការបង្កើត ក្រុមហ៊ុន Start up នាពេលខាងមុខ ដោយពួកគេអាចរៀនពីវិធីបង្កើត Start up និងរៀនវិធីដែលធ្វើឱ្យអាជីវកម្មរបស់ខ្លួនដំណើការ កាន់តែជោគជ័យ តាមរយៈការបង្កើតផលិតផលមួយតូច សាកល្បងនៅក្នុងទីផ្សារ នៅពេលដែលផ្សារចាប់អារម្មណ៍ផលិតផល ឬសេវាកម្មរបស់ពួកគេ នោះនឹងជំរុញឱ្យពួកគេអាចចាប់ផ្តើមពង្រីកអាជីវកម្មកាន់តែធំទូលំទូលាយ។
លោកបន្តថា «បើយើងមើលពីនិន្នាការយុវជនវ័យក្មេង ដែលគាត់ចាប់ផ្តើមចេញពីសាកលវិទ្យាល័យ គាត់អាចចេញទៅធ្វើការនៅក្រុមហ៊ុនមួយរយៈពេល និងចេញមកបង្កើតអាជីវកម្ម ហើយអ្នកខ្លះគាត់ចង់បង្កើតជាក្រុមហ៊ុន Start up នេះតែម្តង ។ សរុបមកយើងរៀបចំកម្មវិធីនេះ ដើម្បីជួយជំរុញការកសាងនូវសហគ្រិនភាព កសាងនូវនវានុវត្តន៍នៅក្នុងប្រទេសយើងឱ្យកាន់តែច្រើន ដើម្បីរកឱ្យឃើញនូវយុវជនដែលមានសក្តានុពល អាចមានលទ្ធភាពក្នុងការបង្កើតក្រុមហ៊ុនដែលជោគជ័យ។ មែនទែនជារដ្ឋាភិបាលយើងនឹងសប្បាយចិត្ត និងបន្តគាំទ្របែបនេះរហូត។ ដរាបណាមានក្រុមហ៊ុនកាន់តែច្រើន ពួកគាត់នឹងជួយដល់សកម្មភាពសេដ្ឋកិច្ច អាជីវកម្មសង្គមដូចគ្នាដែរ ហេតុនេះរដ្ឋាភិបាលក៏នឹងទទួលផលត្រឡប់មកវិញដែរ»។
លោកបានឱ្យដឹងថា ភាគច្រើនអ្នកដែលចូលរួមកម្មវិធីនេះ គឺជាក្រុមយុវជនដែលមានគំនិតអាជីវកម្ម Start up និងមិនទាន់បង្កើតជាក្រុមហ៊ុននៅឡើយទេ។ ហើយរយៈពេល៤ខែ ដែលពួកគេចូលរួមជាមួយកម្មវិធីនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នឹងបណ្តុះបណ្តាល គាំទ្រថវិកា និងលើកទឹកចិត្តឱ្យពួកគេចុះបញ្ជីជាក្រុមហ៊ុន។
លោកថា ការចុះបញ្ជីជាក្រុមហ៊ុន នឹងធ្វើឱ្យពួកគេដំណើរការអាជីវកម្មដោយស្របច្បាប់ អាចចាប់ដៃគូសហការជាមួយក្រុមហ៊ុនដទៃ និងមានភាពងាយស្រួលក្នុងការទទួលបានទុន ឬកម្ចីពីធនាគារសម្រាប់ការវិនិយោគផងដែរ។
លោកមានប្រសាសន៍បន្តថា មកទល់បច្ចុប្បន្ននេះ ក្រុមធុរកិច្ចថ្មី ដែលបានចូលរួមជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មានប្រមាណ១០ក្រុម ដែលបានទៅចុះបញ្ជី បង្កើតជាក្រុមហ៊ុនស្របច្បាប់ និងអាចបន្តសកម្មភាពអាជីវកម្មរហូតមកដល់បច្ចុប្បន្ននេះ។
បើតាមបណ្ឌិត តាំង ងួនលី ការបង្កើតក្រុមហ៊ុន Start up ងាយស្រួលបង្កើត ប៉ុន្តែស្ទើតែ៩០%បានដួលទៅវិញ។ ត្រង់ចំណុចនេះ លោកលើកទឹកឱ្យក្រុមធុរកិច្ចថ្មី កុំបាក់ទឹក រៀនពីបទពិសោធបរាជ័យ និងបង្កើតក្រុមហ៊ុនថ្មី ដែលអាចនឹងធ្វើឱ្យពួកគេជោគជ័យផងដែរ។
លោកមានប្រសាសន៍បន្តថា «បើគាត់មិនជោគជ័យក្នុងដំណាក់កាលដំបូង ក៏គាត់អាចដឹងពីរបៀបនៃការធ្វើអាជីវកម្ម Start up និងដកបទពិសោធបរាជ័យនេះ និងបង្កើតបន្តទៀត ព្រោះថា ការបង្កើតក្រុមហ៊ុន Start up កម្រនឹងមានភាពជោគជ័យដំណាក់កាលលើកទី១ណាស់ គឺទាមទារឱ្យមានការព្យាយាមបង្កើតម្តងហើយម្តងទៀត ដែលអាចធ្វើឱ្យពួកគេទទួលបានជោគជ័យទៅលើការបង្កើតក្រុមហ៊ុន Start up លើកទី៤ ឬលើកទី៥»។
លោកស្រី ធាម រមណីយ នាយកាទំនាក់ទំនងគូភាគី-ប្រធានគ្រប់គ្រងតំបន់ នៃធនាគារ ABA បានឱ្យដឹងថា តាមរយៈកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ធនាគារ ABA នឹងចូលរួមផ្តល់ជាចំណេះជំនាញដល់ក្រុមធុរកិច្ចថ្មី (Start up) ឱ្យពួកគេមានបំនិនកាន់តែខ្ពស់ ក្នុងការធ្វើអាជីវកម្មបែបឌីជីថល និងផ្តល់ភាពងាយស្រួលដល់សហគ្រិនទាំងនោះ ក្នុងការទទួលទុន ឬកម្ចីដំណើរការអាជីវកម្ម៕