(ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅតែបន្ដលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល តាមរយៈរូបភាព និងមធ្យោបាយផ្សេង។

ក្នុងនោះលោកស្រីសង្កត់ធ្ងន់ថា ការប្រើប្រាស់ប្រាក់រៀល មានសារៈសំខាន់ក្នុងការពង្រឹងឯករាជ្យនយោបាយរូបិយវត្ថុ ដើម្បីរួមចំណែករក្សាស្ថិរភាពមាំក្រូសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិខាងក្រៅ។

ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ, ២០ មីនា ១៩៨០ - ២០ មីនា ២០២៣ រៀបចំឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

លោកស្រី ជា សិរី បានថ្លែងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ កាន់តែមានប្រសិទ្ធភាព ពិសេសការកំណត់អត្រាការប្រាក់គោល និងការផ្តល់សាច់ប្រាក់បន្ថែម ដល់សេដ្ឋកិច្ចដែលអាចមានឥទិ្ធពលលើអត្រាការប្រាក់ទីផ្សារ ការវិនិយោគ និងផលិតកម្ម និងឈានទៅជំរុញឱ្យមានការបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

លោកស្រីបានបញ្ជាក់ថា បទពិសោធន៍ពីវិបត្តិកូវីដ-១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ធនាគារកណ្តាលនៃបណ្ដាប្រទេសភាគច្រើន ដែលមានឯករាជ្យផ្នែករូបិយវត្ថុ បានអនុវត្តនយោបាយរូបិយវត្ថុ វិត្ថារកម្មយ៉ាងសកម្ម តាមរយៈការកាត់បន្ថយអត្រាការប្រាក់គោល និងកម្មវិធីចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងទីផ្សារ ដែលបានរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យងើបឡើងវិញបានឆាប់រហ័ស។

នៅពេលសេដ្ឋកិច្ចប្រឈមនឹងការកើនឡើងខ្ពស់ នៃអត្រាអតិផរណាជាចម្បងបណ្តាលមកពីការឡើងថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារជាសកល ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធនាគារកណ្ដាលនៃបណ្តាប្រទេសធំៗក៏បានរឹតត្បិតនយោបាយរូបិយវត្ថុ ដោយបានដំឡើងអត្រាការប្រាក់គោល និងកាត់បន្ថយទំហំតារាងតុល្យការ។ ដោយឡែកកម្រិតដុល្លារូបនីយកម្មខ្ពស់នៅកម្ពុជា បានដាក់កំហិតដល់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ដោយសារធនាគារជាតិនៃកម្ពុជា អាចមានឥទ្ធិពលតទៅលើការផ្គត់ផ្គង់ប្រាក់រៀលប៉ុណ្ណោះ ខណៈប្រាក់ដុល្លារស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារកណ្តាលអាមេរិក។

លោកស្រី ជា សិរីបានបញ្ជាក់ថា «កត្តាទាំងនេះបានបញ្ជាក់ថា ការប្រើប្រាស់រូបិយវត្ថុជាតិនៅក្នុងសេដ្ឋកិច្ច ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងឯករាជ្យនយោបាយរូបិយវត្ថុ ដើម្បីរួមចំណែករក្សាស្ថិរភាពមាំក្រូសេដ្ឋកិច្ច និងកាត់បន្ថយ ផលប៉ះពាល់ពីវិបត្តិខាងក្រៅ។ ជាមួយគ្នានេះ ការប្រើប្រាស់រូបិយវត្ថុជាតិ ក៏អាចជួយធ្វើឱ្យវិស័យក្រៅប្រទេសមានភាពប្រសើរ និងធន់ទៅនឹងការប៉ះទង្គិចនានា តាមរយៈការគ្រប់គ្រងលើអត្រាប្តូរប្រាក់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ទំនិញនាំចេញ ឬកាត់បន្ថយការនាំចូល ដែលអាចជួយឱ្យគណនីចរន្ត និងជញ្ជីងពាណិជ្ជកម្មមានអតិរេក និងគាំទ្រដល់ការគរពូនទុនបម្រុងអន្តរជាតិឱ្យបានរឹងមាំ»

លោកស្រីបានបញ្ជាក់ថា ម្យ៉ាងទៀតរាជរដ្ឋាភិបាលអាចកាត់បន្ថយ ការពឹងផ្អែកលើបំណុលពីបរទេស តាមរយៈការកៀរគរមូលនិធិជារូបិយវត្ថុក្នុងស្រុក ដើម្បីគាំទ្រដល់ការផ្តល់ហិរញ្ញប្បទាន សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។

លោកបណ្ឌិត សំ វិចិត្រ សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នការប្រើប្រាស់ប្រាក់រៀល មានស្ថានភាពល្អប្រសើរ ដោយក្នុងនោះការសន្សំជាប្រាក់រៀលមានការកើនឡើងច្រើន ដូច្នេះប្រសិនបើមានការលើកម្ពស់ ការបើកប្រាក់បៀវត្សន៍ជាប្រាក់រៀល នោះយើងនឹងទទួលបានការការចំណាយ និងការសន្សំជាលុយរៀលមានច្រើន។

លោកបានបញ្ជាក់ថា ដើម្បីលើកម្ពស់គោលនយោបាយ នៃការប្រើប្រាស់ប្រាក់រៀល ត្រូវផ្សារភ្ជាប់នឹងគោលនយោបាយ នៃសហគ្រាសធុនតូច និងមធ្យម កាលណាសហគ្រាសធុនតូច និងមធ្យមត្រូវបានអភិវឌ្ឍន៍បានល្អ នោះការប្រើប្រាស់ប្រាក់រៀលនឹងកើនឡើង៕