(កូឡុំបូ)៖ ទេសាភិបាលធនាគារកណ្តាលកណ្តាលស្រីលង្កាលោក Nandalal Weerasinghe បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ស្រីលង្កានឹងដាក់ចេញច្បាប់ធនាគារកណ្តាលថ្មីក្នុងបំណងពង្រឹងឯករាជ្យភាព និងគណនេយ្យភាពរបស់ធនាគារនេះ និងស្ថិរភាពថ្លៃនៅក្នុងប្រទេសតាមរយៈទិសដៅអតិផរណាថ្មីមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

ប្រទេសស្រីលង្កាកំពុងរង់ចាំថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី២០ ខែមីនា ហើយការបង្កើតធនាគារកណ្តាលឯករាជ្យពេញលេញមួយគឺជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់មួយសម្រាប់ការទទួលបានកញ្ចប់ជំនួយនេះ។

ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ គួបផ្សំនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រទេសស្រីលង្កាខ្វះខាតប្រាក់ដុល្លារយ៉ាងធ្ងន់ធ្ងរសម្រាប់ការនាំចូលទំនិញសំខាន់ៗកាលពីដើមឆ្នាំមុន ដោយនាំឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Weerasinghe ថា ច្បាប់ថ្មីនេះនឹងផ្តល់អាទិភាពដល់ការគ្រប់គ្រងអតិផរណា និងដាក់ចេញគោលដៅអតិផរណា។ លោក Weerasinghe បានបន្ថែមថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលនឹងឯកភាពគ្នាលើអ្វីដែលគួរតែជាគោលដៅនោះ។

លោកបានបន្តថា ក្រុមប្រឹក្សាភិបាលដាច់ដោយឡែកមួយ ដែលមានសមាជិកប្រាំមួយរូប និងទេសាភិបាល នឹងត្រូវបានបង្កើតឡើងបន្ថែមលើក្រុមប្រឹក្សាគោលនយោបាយរូបិយវត្ថុ។

លោក Weerasinghe បានឱ្យដឹងនៅក្នុងសុន្ទរកថាជាសាធារណៈដែលនិយាយអំពីច្បាប់ថ្មីនេះថា៖ «ចំណុចសំខាន់នៃច្បាប់នេះគឺផ្តល់អំណាចដល់ធនាគារកណ្តាលដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ មិនមែនជាការសម្រេចចិត្តបែបប្រជានិយម។ ជាមួយនឹងច្បាប់ថ្មីនេះ ទេសាភិបាលធនាគារកណ្តាលអាចធ្វើការដោយឯករាជ្យ និងធ្វើការសម្រេចចិត្តដែលមិនអាចផ្លាស់ប្តូរបានទៅតាមការចង់បានរបស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច»