(ភ្នំពេញ)៖ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន វីសា (VISA) បានបង្ហាញបំណងចង់ពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម លើគំនិតផ្តួចផ្តើមទាក់ទងនឹងយុទ្ធសាស្រ្ត និងគោលនយោបាយ នាពេលបច្ចុប្បន្ន និងអនាគត ដើម្បីជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមឌីជីថល នៅកម្ពុជា។

ការបញ្ជាក់ពីបំណងនេះធ្វើឡើងក្នុងឱកាសលោក Chris Clark ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនវីសា (VISA) ចូលជួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ជំនួបនេះដើម្បីចែករំលែកក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយពាក់ព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលកម្ពុជា។

នៅក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្រ្តី បានជម្រាបជូន លោក Chris Clark ថា វិបត្តិកូវីដ-១៩ បានបង្កើតកាលានុវត្តន៍ភាព ដែលជួយជំរុញបញ្ហាឌីជីថលខ្លាំងនៅកម្ពុជា ជាពិសេសការទូទាត់តាមឌីជីថល និងវិវឌ្ឍន៍ទៅរកការទូទាត់ដោយគ្មានទំនាក់ទំនង (Contactless Payment )។ បន្ថែមពីនេះ ដើម្បីបម្រើសេវាកម្មឱ្យខិតកៀកទៅជិតពាណិជ្ជករ បង្កើតភាពងាយស្រួល កាត់បន្ថយការចំណាយ និងពេលវេលាចុះបញ្ជីពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។

លោករដ្ឋមន្រ្តីបន្តថា ក្នុងឆ្នាំ២០២២ CamDX ត្រូវបានប្រកាសទទួលជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល។ នេះជាមោទនភាពថ្មីមួយទៀត របស់កម្ពុជាលើឆាកអន្តរជាតិ និងជាកាលានុវត្តន៍ភាពក្នុងការប្រើប្រាស់ដោយបច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ដោយនៅក្រោមម្លប់សុខសន្តិភាព កម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន។

លោករដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន Visa លើវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញាវត្ថុ ដល់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ លោក Chris Clark បានសម្តែងនូវសេចក្តីសោមន្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយនឹងលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ។

លោក Chris Clark ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសបានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញ និងធ្វើឱ្យប្រសើឡើងនូវវិស័យឌីជីថលនៅកម្ពុជា៕