(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ចេញនូវ E-Administration ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងគុណភាពសេវាសាធារណៈបន្ថែមទៀត។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក គង់ វិបុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការរៀបចំប្រព័ន្ធដំណើរការការងាររដ្ឋបាលតាមទម្រង់ឌីជីថល (E-Administration) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធអាចអនុវត្តការងារតាមឋានានុក្រមដោយប្រើប្រាស់ទម្រង់ឌីជីថល ដោយធានាបាននូវល្បឿន និងប្រសិទ្ធភាពក្នុងការអនុវត្តការងារ។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ ជាអង្គភាពឈានមុខគេលើការងារអភិវឌ្ឍន៍ប្រពន្ធឌីជីថល បម្រើឲ្យការងារប្រមូលចំណូលជូនជាតិ។ កម្មវិធីជាច្រើនត្រូវបានបង្កើត ដើម្បីសម្រួលអ្នកបង់ពន្ធកាន់តែងាយស្រួល ដែលគិតមកដល់ពេលនេះ អ្នកជាប់ពន្ធស្ទើរតែ ១០០% បានបង់ពន្ធតាមប្រព័ន្ធអនឡាញរបស់ពន្ធដារ៕