(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងថា វិធានការចុះអង្កេតសហគ្រាស រកឃើញអាជីវកម្មជាច្រើន ក្នុងនោះមានក្លឹបកំសាន្ដធំៗមួយចំនួន មិនបានចុះបញ្ជីពន្ធដារ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក គង់ វិបុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «វិធានការចុះអង្កេតសហគ្រាស បានរកឃើញ អាជីវកម្មជាច្រើន ក្នុងនោះមានក្លឹបកំសាន្ដធំៗមួយចំនួន មិនបានចុះបញ្ជីពន្ធដារ ឬចុះបញ្ជីមិនបានត្រឹមត្រូវតាមកម្រិតផលរបរ»

ទន្ទឹមគ្នានេះ លោក គង់ វិបុល សូមរំលឹកឲ្យម្ចាស់អាជីវកម្ម ដែលមិនទាន់បានចុះបញ្ជីពន្ធដារ ឲ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ចៀសវាងនូវការផាកពិន័យទោសទណ្ឌនានា។

លោកបានលើកឡើងថា សម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ និងមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ដែលរឹងមាំនិងមានតម្លាភាព។

លោក គង់ វិបុល បានគូសបញ្ជាក់ថា ប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។

បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឲ្យអនុវត្តនូវប្រព័ន្ធកំណត់ចំណាត់ថ្នាក់ នៃកម្រិតប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងទទួលខុសត្រូវរបស់ប្រធានអង្គភាព (Merit and Demerit System - MDS) ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ។

លោក គង់ វិបុល ក៏បានឲ្យដឹងផងដែរថា កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ដោយចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មានវិក្កយបត្របានបញ្ជូនមកសរុប ៣៣៩ ៩២៤ វិក្កយបត្រ៕