(បាងកក)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃ លោក Phiphat Ratchakitprakarn បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី ២៥លានទៅ ៣០លាននាក់នៅឆ្នាំនេះ ខណៈដែលវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនស្ទុះងើបឡើងវិញ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
ចំនួននេះធៀបនឹងចំនួនច្រើនបំផុតជិត ៤០លាននាក់ដែលប្រទេសថៃបានទទួលក្នុងឆ្នាំ២០១៩ មុនពេលមានការជំងឺរាតត្បាត។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយក្រសួងទេសចរណ៍ និងកីឡាថៃនៅក្នុងសិក្ខាសាលាធុរកិច្ចកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤,២លាននាក់ក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំនេះ។
វិស័យដែលរីកចម្រើនដ៏សំខាន់របស់ថៃគឺវិស័យទេសចរណ៍ ដែលកំពុងស្ទុះងើបឡើងវិញយ៉ាងខ្លាំងចាប់តាំងពីមានការដកចេញវិធានការរឹតបន្តឹងដែលធ្វើឡើងដើម្បីទប់ស្កាត់ជំងឺរាតត្បាត ដោយសង្ឃឹមថា ការបើកចំហរប្រទេសឡើងវិញពីសំណាក់ប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃនឹងផ្តល់កំណើនដ៏ធំមួយដល់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ថ្លែងក្នុងពិធីដដែល លោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលថៃ បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃមានស្ថិរភាព និងរឹងមាំ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏សំខាន់ និងជាមួយនឹងសូចនាករសេដ្ឋកិច្ចដែលកំពុងមានភាពប្រសើរឡើង។
លោក Supattanapong បានបន្ថែមថា ទោះជាយ៉ាងនេះក្តី តម្រូវការពិភពលោកទាបកំពុងប៉ះពាល់ដល់ការនាំចេញ។
យោងតាមទិន្នន័យពីគយ ការនាំចេញរបស់ប្រទេសថៃដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះរយៈពេលបួនខែជាប់គ្នាគិតត្រឹមខែមករា ដោយធ្លាក់ចុះ ៤,៥% ខ្ពស់ជាងការរំពឹងទុកធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដោយសារការធ្លាក់ចុះតម្រូវការសកល។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕