(ភ្នំពេញ)៖ រយៈពេល២ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិសម្រេចបានជាង ៦.៨ពាន់លានដុល្លារ ថយចុះ ២១.៨%។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ។
យោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា រយៈពេល២ខែដើមឆ្នាំនេះ គឺខែមករា ដល់ខែកុម្ភៈ កម្ពុជានាំចេញទំនិញក្នុងតម្លៃជាង ៣.២ពាន់លានដុល្លារ ថយចុះ ៨.៦% និងនាំចូលមកវិញក្នុងតម្លៃជាង ៣.៥ពាន់លានដុល្លារ ថយចុះ៣០.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ប្រទេសដែលសម្រេច បានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ គឺប្រទេសចិន ដែលមានទំហំ ១.៧ពាន់លានដុល្លារ ថយចុះ១៥% ក្នុងនោះកម្ពុជានាំចេញទៅចិន ក្នុងតម្លៃ១៩៨លានដុល្លារ ថយចុះ៥.៥% និងនាំចូលពីចិន ក្នុងតម្លៃ១.៥ពាន់លានដុល្លារ ថយចុះ១៦.២%។
ចំណែកសហរដ្ឋអាមេរិកដែលស្ថិតក្នុងលេខរៀងទី២ សម្រេចបាននូវទំហំពាណិជ្ជកម្ម ១.១ពាន់លានដុល្លារ ថយចុះ២០.៤% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង១.១ពាន់លានដុល្លារ ថយចុះ២០.២% និងនាំចូលមកវិញក្នុងតម្លៃ៣៩លានដុល្លារ ថយចុះ២៤.៥%។
ដោយឡែកទំហំពាណិជ្ជកម្មជាមួយវៀតណាម សម្រេចបានជាង១ពាន់លានដុល្លារ កើនឡើង១៤.២%។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ ៤៩១លានដុល្លារ កើនឡើង៣៦.១% និងនាំចូលមកវិញក្នុងតម្លៃជាង៥៩៣លានដុល្លារ កើនឡើង ០.៧%។
ចំណែកការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃសម្រេចបាន ៦៥៦លានដុល្លារ ថយចុះ៩.៤% និងប្រទេសជប៉ុនសម្រេចបាន២៩៨លានដុល្លារ ថយចុះ០.៥%។
បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានសម្គាល់ថា ប្រទេសទាំងអស់នៅលើសាកលលោក បានជួបវិបត្តិនូវបញ្ហាសង្វាក់ផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន បានធ្វើឱ្យអ្នកប្រើប្រាស់កាត់បន្ថយនូវតម្រូវការ។ ការកាត់បន្ថយនូវតម្រូវការនេះ អាចបណ្តាលមកពីការឡើងថ្លៃនៃវត្ថុធាតុដើម ការដឹកជញ្ជូនឡើងថ្លៃ ស្របជាមួយនឹងការកើនឡើងនៃអតិផរណា ដែលធ្វើឱ្យអ្នកប្រើប្រាស់កាត់បន្ថយ នូវទំនិញដែលមិនសូវចាំបាច់ ដើម្បីកាត់បន្ថយចំណាយប្រចាំថ្ងៃ។
លោកកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០២២ ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា សន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ដែលកត្តានេះនាំឱ្យការនាំចេញនៅដើមឆ្នាំនេះថយចុះ។
ជាមួយគ្នានេះ បញ្ហាភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក និងបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏បានជះឥទ្ធិពលការធ្វើពាណិជ្ជកម្មផងដែរ តាមរយៈការបែកចែកប្លុកសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មរបស់ប្រទេសខ្លះ បានធ្វើឡើងតែជាមួយប្រទេសដែលមាននិន្នាការគាំទ្ររៀងៗខ្លួន។
លោកពន្យល់បន្តថា «និន្នាការបែងចែកប្លុកសេដ្ឋកិច្ច ទៅតាមនយោបាយភូមិសាស្រ្តនេះ ក៏ជាបញ្ហាមួយដែលធ្វើឱ្យសង្វាក់ផ្គត់ផ្គង់មានបញ្ហា ហើយតម្រូវការមួយចំនួនក៏មានការថយចុះ។ ហេតុនេះកម្ពុជា ក៏ទទួលរងឥទ្ធិពលនៃបញ្ហាការកាត់ចម្រៀកនៃនយោបាយភូមិសាស្រ្ត របស់មហាអំណាច ហើយក៏ទទួលរងឥទ្ធិពលនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាកូវីដ១៩ ដែលបន្តយាយីបន្តដែរ»៕