(ស៊ីដនី)៖ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានឱ្យដឹងនៅថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោក មានបំណងធ្វើពិពិធកម្មពាណិជ្ជកម្ម និងដៃគូវិនិយោគបរទេស ហើយនឹងដឹកនាំគណៈប្រតិភូធុរកិច្ច ទៅកាន់ប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្ដីលោក Albanese ខណៈថ្លែងនៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំកំពូលធុរកិច្ច AFR នៅទីក្រុងស៊ីដនីថា ប្រទេសអូស្ត្រាលីចង់បាន «ការធ្វើពិពិធកម្មកាន់តែខ្លាំងជាមួយដៃគូ ដែលយើងធ្វើពាណិជ្ជកម្មជាមួយ និងភាពសម្បូរបែបកាន់តែច្រើន នៅក្នុងអ្វីដែលយើងធ្វើពាណិជ្ជកម្ម ដែលមានន័យថា សេដ្ឋកិច្ចរបស់យើងមានភាពធន់ និងសុវត្ថិភាពជាងមុន»

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី បើទោះបីជាជម្លោះការទូតបានបណ្តាលឱ្យមាន «ការឧបសគ្គពាណិជ្ជកម្ម» ដែលបានដាក់ទៅលើការនាំចេញរបស់អូស្ត្រាលីក៏ដោយ។

ទីក្រុងកង់បេរ៉ា បានស្នើឱ្យទីក្រុងប៉េកាំងដកចេញការហាមឃាត់ ដែលត្រូវបានដាក់លើការនាំចេញអូស្រ្តាលីទាំងនោះ ខណៈដែលប្រទេសទាំងពីរចាប់ផ្តើមកិច្ចចរចាឡើងវិញបន្ទាប់ពឈប់ចរចាផ្នែកការទូតអស់រយៈពេលមួយ។

ថ្នាក់ដឹកនាំធុរកិច្ចនៅទូទាំងវិស័យដឹកជញ្ជូន ធនធាន ហិរញ្ញវត្ថុ ការអប់រំជាន់ខ្ពស់ ស្ថាបត្យកម្ម និងថាមពល នៅថ្ងៃពុធនេះនឹងអមដំណើរលោកនាយករដ្ឋមន្ត្រី Albanese ទៅកាន់ប្រទេសឥណ្ឌា ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំមួយរបស់អូស្ត្រាលី។

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Albanese បាននិយាយនៅក្នុងសុន្ទរកថានោះថា ប្រទេសអូស្ត្រាលីនឹងផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗដល់ប្រទេសឥណ្ឌា ខណៈពេលដែលកំពុងផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនី ដូចជាអាគុយ និងផលិតផលថាមពលបៃតងផ្សេងទៀតនៅក្នុងប្រទេសអូស្ត្រាលី។

លោកបានមានប្រសាសន៍ថា៖ «យើងអាចធ្វើការងារទាំងអស់នេះ ក៏ដូចជានៅការងារនៅសេសសល់ផ្សេងទៀត ដើម្បីធ្វើជាអ្នកផ្គត់ផ្គង់ថាមពល ដែលអាចទុកចិត្តបាន និងគួរឱ្យទុកចិត្តដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជាប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ»

លោក Albanese បានបន្ថែមថា អូស្ត្រាលីនឹង «ពង្រឹង និងធ្វើពិពិធកម្មទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិរបស់យើង»